សេតវិមាន រំពឹងថាអាចគ្រប់គ្រងភាពតានតឹងរវាងអាមេរិក និងចិន ជុំវិញទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់


 (វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែ សីហា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់ គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលដុតបញ្ឆេះ ឡើងដោយដំណើរទស្សន កិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដើម្បីកុំឱ្យផ្ទុះជាជម្លោះ ឬវិបត្តិណាមួយ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និ សីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីលោកស្រី ផេឡូស៊ី ចុះចតនៅតៃវ៉ាន់ដោយសុវត្ថិភាព កាលពីយប់ ថ្ងៃអង្គារម្សិលមិញនេះ។ បើតាមលោក ឃឺប៊ី ដំណើរទស្សនកិច្ចនេះមិនបានបំពានអធិបតេយ្យរបស់ ចិនទេហើយមិនមែនជាការផ្លាស់ប្ដូរគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះដែរ។ «អ្វីដែលយើងមិនចង់ឃើញ នោះគឺការផ្ទុះជម្លោះ ឬវិបត្តិ ណាមួយ ហើយវាក៏គ្មានហេតុផលណាមួយ ត្រូវបង្កជម្លោះនោះដែរ»។ នេះជាការបញ្ជាក់របស់លោក ចន ឃឺប៊ី។

សូមបញ្ជាក់ថា លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានា ធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបាន ធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅ តៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។

ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុ ហើយបានប្រកាសធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ។ លោកស្រី ផេឡូស៊ី ត្រូវបានរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំតៃវ៉ាន់កំពូលៗ ក្នុងនោះរួម មានទាំងមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិនផងដែរ៕