(យូអិន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី២ ខែ សីហា ឆ្នាំ២០២២ គឺ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅ ថ្ងៃចន្ទសប្តាហ៍នេះ បានហៅសកម្មភាពរបស់រុស្ស៊ីជុំវិញរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុត របស់អ៊ុយក្រែនថាជាភាពមិនទទួលខុសត្រូវយ៉ាងខ្លាំង ដោយចោទទីក្រុងម៉ូស្គូថាបានប្រើប្រាស់ ទីតាំងរោងចក្រនេះដើម្បីធ្វើជាខែលនុយក្លេអ៊ែរ ក្នុងការវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។
លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់បែបនេះបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅឯអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន មានការព្រួយ បារម្ភយ៉ាងខ្លាំង ដែលឥឡូវនេះទីក្រុងម៉ូស្គូ កំពុងប្រើប្រាស់រោងចក្រនេះធ្វើជាមូលដ្ឋានយោធា និង វាយប្រហារទៅលើកងកម្លាំងអ៊ុយក្រែនពីជុំវិញនោះ»។ លោកបន្ថែមថា «ជាការពិតណាស់ កង កម្លាំងអ៊ុយក្រែន មិនអាចធ្វើការបាញ់តបតវិញបានទេ ដោយខ្លាចក្រែងមានឧបទ្ទវហេតុដ៏អាក្រក់ មួយពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ។ សកម្មភាពរបស់រុស្ស៊ីដូចនេះ គឺវាហួសពី ការយកមនុស្សធ្វើ ខែការពារ ប៉ុន្តែជាខែលនុយក្លេអ៊ែរ»។ ប៉ុន្តែ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានច្រាន ចោលការចោទប្រកាន់របស់លោក ប្លីនខិន។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានបាញ់ផ្លោងដ៏គ្រោះថ្នាក់ នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhia) ខណៈកងកម្លាំងរបស់ខ្លួនបាន កាន់កាប់រោងចក្រនេះ នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមអ៊ុយក្រែន៕