រាជរដ្ឋាភិបាល ទទួលស្គាល់សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ចំនួន៩ រូប


 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចទទួលស្គាល់ សមាជិកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ចំនួន៩ រូប សម្រាប់អាណត្តិទី១ លើកទី១។

សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ចំនួន៩ រូបនោះរួមមាន៖ ១៖ លោក វង្ស ឡេននី ២៖ លោក ង៉ូវ ឈុនអៀង ៣៖ លោក ឡាំង គាងឆាយ ៤៖ លោក លី សុខ ៥៖ លោកស្រី ឈូក លាងហូរ ៦៖ លោក លីម ឆាលី ៧៖ លោក គិត ឃុន ៨៖ លោក តាន់ វុទ្ធី និង៩៖ លោក ទា គីម តុង។

តាមរយៈ សេចក្តីសម្រេចនោះ រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ លោក វង្ស ឡេននី ជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ ផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទី ក្រុងតូរ៉ុនតូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ បានប្រព្រឹត្តទៅស្របតាមច្បាប់ស្តីពី សភាពាណិជ្ជកម្ម និងនីតិវិធីជាធរមាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានគណៈកម្មការរៀបចំការបោះ ឆ្នោត និង មានការអញ្ជើញចូលរួមពី ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅ ក្នុងការសម្របសម្រួល ពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញ វិនិយោគិនកាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន៕