(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានលើកឡើងថា ជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីពេលថ្មីៗនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់ គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត លើកទី៧ នាឆ្នាំ២០២៣។
សម្តេចក្រឡាហោម បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «លទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល» នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគ ជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយ បានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់ ស្ទើរគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងនោះ ខេត្តព្រៃវែង គណបក្សបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់នៅគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត។ ជោគជ័យនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខ។
សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យសមាជិក សមាជិកាគណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយក ចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហា ប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងក្នុងការងារគណបក្ស ការងាររាជ រដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចមានក្តីសង្ឃឹម ជឿជាក់ថា លោក លោកស្រី នឹងបន្តលើកកម្ពស់ការ ចូលរួម និងអនុវត្តទិសដៅការងារដែលបានណែនាំឱ្យកាន់តែមាន ប្រសិទ្ធភាព ថែមទៀត ដើម្បីរួមគ្នាសម្រេចបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជាក្នុងការ បោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ៕