លោក ពូទីន បញ្ជាក់ថាកងទ័ពជើងទឹករុស្ស៉ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មី ឆាប់ៗនេះ


 (សាំង ភីតធើស្បឺគ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ ថាកងទ័ពជើងទឹករុស្ស៉ីនឹងទទួលបានប្រព័ន្ធមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង ហ្សៀខុន (Zircon) នៅប៉ុន្មានខែមុខទៀតនេះ ហើយទីតាំងនៃការដាក់ពង្រាយប្រព័ន្ធអាវុធនេះនឹងត្រូវធ្វើឡើង អាស្រ័យលើផលប្រយោជន៍របស់រុស្ស៉ី។

ថ្លែងក្នុងសុន្ទរកថាមួយនាឱកាសចូលរួមទិវាកងទ័ពជើងទឹករុស្ស៉ី នៅថ្ងៃអាទិត្យនេះ រៀបចំឡើងក្នុង ទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) ក៏បានអរគុណផងដែរដល់អតីតអ្នកចម្បាំងរុស្ស៉ី Peter the Great ដែលបានធ្វើឱ្យរុស្ស៉ីក្លាយជាមហាអំណាចកងទ័ពជើងទឹកមួយ តែលោក ពូទីនមិនបាន និយាយពីអ៊ុយក្រែន ឡើយ។

ដោយឡែក បើតាមវិមានក្រឹមឡាំង លោក ពូទីន បានចុះហត្ថលេខាលើគោលនយោបាយថ្មី សម្រាប់កងទ័ពជើងទឹករុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថាប្រព័ន្ធមីស៊ីល គ្រូសល្បឿនលឿនជាងសំឡេង Zircon គឺជាអាវុធគ្មានគូប្រៀបនៅលើពិភពលោក។ ប៉ុន្តែព័ត៌មានលម្អិតពីគោលនយោបាយថ្មីនេះមិនត្រូវបានចេញផ្សាយ ជាសាធារណៈឡើយ។

គួរបញ្ជាក់ថា រុស្ស៉ីក៏ធ្លាប់បានធ្វើតេស្ដបាញ់សាកល្បងប្រព័ន្ធមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង Zircon ជាច្រើនលើកកន្លងមកដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ មកនេះដោយបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹក៕