កម្ពុជា-ថៃបង្កើតព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយគោលដៅខេត្តកោះកុង និងខេត្តត្រាតជាគោលដៅ ទេសចរណ៍សុវត្ថិភាព


 (កោះកុង)៖ ភាគីកម្ពុជានិងភាគីថៃបានសហការគ្នាព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព ក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ថៃ និងផ្សព្វផ្សាយគោលដៅខេត្តកោះកុង និងខេត្ត ត្រាតជាគោលដៅទេសចរណ៍សុវត្ថិភាព ពិសេសដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ការ ប្រកួត កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍នេះធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកោះ កុង និងរដ្ឋបាលខេត្តត្រាត ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ដោយមានអ្នកជិះកង់ចូលរួមជាង ៦០០នាក់ ក្នុងនោះអ្នកចូលរួមជិះកង់នៅខេត្តកោះកុងចំនួន១៩២នាក់ និងអ្នកជិះកង់មកពីប្រទេស ថៃមានចំនួនជាង៤២១នាក់ ដូចជាមកពីខេត្តត្រាត សិរីសាកេត ស្រះកែវ នគររាជសីមា សុរិន្ទ្រ ឧត្បុលរាជធានី មហាសារខាម និងឈៀងម័យ។

ព្រឹត្តិការណ៍នេះដែរធ្វើឡើងក្រោមវត្តមានលោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិកា ក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក រីឯ ខាងភាគីថៃមានលោក វីរ៉ាសាក់ កូសុរ៉ាត់ សមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងទេស ចរណ៍និងកីឡា និងលោក ណារ៉ុង ថេបសេនា អភិបាលរងខេត្តត្រាត។

ព្រឹត្តិការណ៍ជិះកង់មិត្តភាពកម្ពុជា-ថៃទទួលបានការគាំទ្រ និងអបអសាទរពីអ្នកជិះកង់ថៃ និងប្រជា ពលរដ្ឋនៅខេត្តកោះកុង ដោយមានមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្ស និសិ្សត ចេញមកទទួលស្វា គមន៍តាមដងផ្លូវ ដោយចេញដំណើរពីព្រំដែនខាងមុខសណ្ឋាគារកោះកុងរីស៊ត ឆ្ពោះមកវត្តប៉ាក់ខ្លង ដើម្បីគោរពពិធីសាសនា រួចបន្តដំណើរមកបញ្ចប់នៅសហគមបាងកាយ៉ាក់។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះ គឺក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ថៃ និងផ្សព្វផ្សាយគោលដៅខេត្តកោះកុង និងខេត្ត ត្រាតជាគោលដៅទេសចរណ៍សុវត្ថិភាពក្នុងការទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិ ដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ១៩ ជាពិសេសដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA GAMES – ASEAN PARA GAMES 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕