(ញូវយ៉ក)៖ ទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញនៅថ្ងៃសប្តាហ៍នេះថា ប្រទេស ជប៉ុន និងចិនបានកាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារ (ប័ណ្ណបំណុល) សហរដ្ឋអាមេរិកក្នុងខែ ឧសភា ដែលធ្លាក់ចុះដល់កម្រិតទាបរយៈពេលជាច្រើនឆ្នាំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិកថា ការកាន់កាប់ប័ណ្ណបំណុលអាមេរិករបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ១,២១២ទ្រីលាន ដុល្លារអាមេរិក ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមករាឆ្នាំ២០២០មក នៅពេលដែលកម្រិត កាន់កាប់របស់ជប៉ុនមានចំនួន ១,២១១ទ្រីលានដុល្លារ។ នៅក្នុងខែមេសា ឆ្នាំនេះ ការកាន់កាប់ប័ណ្ណ បំណុលអាមេរិកដោយប្រទេសជប៉ុនមានចំនួន ១,២១៨ទ្រីលានដុល្លារ។
ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិកបានបង្ហាញទៀតថា ការកាន់កាប់បំណុលរដ្ឋាភិបាលអាមេរិក ដោយប្រទេសចិនក៏បានធ្លាក់ចុះផងដែរមកនៅត្រឹម ៩៨០,៨ប៊ីលានដុល្លារនៅក្នុងខែឧសភា ឆ្នាំនេះ ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១០មក នៅពេលដែលការកាន់កាប់ បំណុលអាមេរិកដោយប្រទេសចិនមានចំនួន ៨៤៣,៧ប៊ីលានដុល្លារ។ នៅក្នុងខែមេសា ឆ្នាំនេះ ប្រទេសចិនកាន់កាប់បំណុលអាមេរិកចំនួន ១,០០៣ទ្រីលានដុល្លារ។
ប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ បានកាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារ រយៈពេលប្រាំមួយខែជាប់គ្នា។
ទោះបីជាចិន និងជប៉ុនបានលក់ប័ណ្ណរតនាគារអាមេរិកក្នុងខែឧសភាក៏ដោយ ក៏ទិន្នផលរតនាគារ អាមេរិកបានធ្លាក់ចុះដែរ។ ទិន្នផលសម្រាប់ប័ណ្ណរតនាគារដែលមានរយៈពេលកំណត់ ១០ឆ្នាំ ដែលបានចាប់ផ្តើមនៅខែឧសភាឆ្នាំនេះ មានអត្រា ២,៩៩៦ភាគរយ ធ្លាក់ចុះប្រហែល ១៥ពិន្ទុមូល ដ្ឋាន (០,១៥ភាគរយ) មក ២,៨៤៤ភាគរយនៅចុងខែឧសភា។
ជារួម ការកាន់កាប់ប័ណ្ណរតនាគារដោយប្រទេសបរទេសបានធ្លាក់ចុះមកនៅត្រឹមចំនួន ៧,៤២១ ទ្រីលានដុល្លារក្នុងខែឧសភា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២១មកពីចំនួន ៧,៤៥៥ទ្រីលានដុល្លារក្នុងខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕