(ហ្សាកាតា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បាននិយាយក នៅថ្ងៃអង្គារនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីថា លោកសង្ឃឹមថានឹង មានការជំរុញទំនាក់ទំនងពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ និងបិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងជា ច្រើនទសវត្សរ៍របស់ប្រជាជាតិលោក ដើម្បីចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំក្រោយ។
លោក Ramos-Horta បានជួបសមភាគីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសជិតខាងឥណ្ឌូនេស៊ី ចាប់តាំងពីលោកត្រូវបាន បោះឆ្នោតជ្រើសរើសកាលពីខែមេសាសម្រាប់អាណត្តិទីពីរជាប្រធានាធិបតីទីម័រខាងកើត។
លោកបានថ្លែងយ៉ាងដូច្នេះថា «ជាផ្នែកមួយនៃអាស៊ីអាគ្នេយ៍ ប្រទេសទីម័រខាងកើតបានបំពេញនូវ តម្រូវការជាច្រើនដែលចាំបាច់សម្រាប់ដំណើរការសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះ…នឹងក្លាយ ជាសមាជិកប្រកបដោយផលិតភាពរបស់អាស៊ាន» ដោយកត់សម្គាល់ថា លោកសង្ឃឹមថាប្រទេស វ័យក្មេងមួយនេះ នឹងអាច ចូល រួម ជាមួយ សមាគមនេះ បាន នៅ ពេល ដែលឥណ្ឌូនេស៊ីធ្វើជា ប្រធានអាស៊ាននៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ប្រទេសទីម័រខាងកើតបានដាក់ពាក្យចូលជាសមាជិកអាស៊ានកាលពីឆ្នាំ២០១១ មក ហើយបច្ចុប្បន្នមានឋានៈជាអ្នកសង្កេតការណ៍៕