(ហាងស៊ូ)៖ យោងតាមការអះអាងពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គឺប្រទេសចិន នឹងធ្វើជា ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games ឆ្នាំ២០២២ ដែលលើកទៅធ្វើនៅឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនាថ្ងៃអង្គារ បន្ទាប់ពីបានផ្អាកការរៀបចំព្រឹត្តិការណ៍នៅ ទីក្រុង Hangzhou ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ។ព្រឹត្តិការណ៍ខាងលើឥឡូវនេះនឹងធ្វើឡើង នៅទីក្រុង Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។
ព្រឹត្តិការណ៍នេះដើមឡើយគ្រោងនឹងធ្វើឡើងនៅខែកញ្ញាឆ្នាំនេះ ប៉ុន្តែអ្នករៀបចំកម្មវិធីកាលពីខែ ឧសភា បានសម្រេចពន្យារពេល ដោយសារចិនបានព្យាយាម ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ យ៉ាងធំនៅក្នុងតំបន់ជាច្រើននៃប្រទេស។
OCA បានលើកឡើងនៅថ្ងៃអង្គារថា កាលបរិច្ឆេទថ្មីនេះត្រូវបានជ្រើសរើស «កុំឲ្យមានការប៉ះពាល់ ទៅនឹងព្រឹត្តិការណ៍កីឡាធំៗដទៃទៀត»។
សូមជម្រាបថា ព្រឹត្តិការណ៍ Asian Games ជាទូទៅបានទាក់ទាញអត្តពលិកជាង ១០,០០០នាក់ មកពីទូទាំងតំបន់បានចូលរួម៕