សណ្ឋាគារលំដាប់ផ្កាយ៥មួយនៅភ្នំពេញប្រកាសបិទទ្វារ

ភ្នំពេញ ៖ អតីតសណ្ឋាគារផ្កាយ៥ដំបូងគេនៅកម្ពុជា អាំងទែកុងទីណង់តាល់ បានប្រកាសបិទទ្វារនៅថ្ងៃទី៣១ ខែធ្នូ ២០១៩ នេះ ដោយសារតែបញ្ហាសេដ្ឋកិច្ច ក្រោយសណ្ឋាគារនេះបានប្តូរឈ្មោះពីអាំងទែកុងទីណង់តាល់ទៅជាសណ្ឋាគារ Great Duke បានជាមួយឆ្នាំ ។

បើយោងតាមសេចក្ដីជូនដំនឹងរបស់ថ្នាក់ដឹកនាំសណ្ឋាគារនេះចេញផ្សាយនៅថ្ងៃទី២០ធ្នូ ២០១៩បានអោយដឹងថា មូលហេតុនៃការបិទដំណើរការសណ្ឋាគារមួយនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ច ហើយបុគ្គលិកទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃចេញសេចក្តីប្រកាស ។ តែយ៉ាងណាក៏ដោយ សណ្ឋាគារក៏នឹងដោះស្រាយជូនបុគ្គលិករបស់ខ្លួនជាមួយក្រុមហ៊ុនមេធាវីរបស់ខ្លួន នូវអត្ថប្រយោជន៍នានាផងដែរ ។

ឯកឧត្តមតុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី៣០នេះ បានអោយដឹងថា ក្រសួងមិនទាន់បានទទួលលិខិតពីការប្រកាសបិទទ្វារ ឬផ្អាកដំណើរការណាមួយពីសណ្ឋាគារមួយនេះនៅឡើយ ដោយលោកអោយទាក់ទាកទងទៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញវិញ ព្រោះជាដែនរបស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយលោកម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអោយដឹងថា មន្ទីរទេសចរណ៍ក៏មិនទាន់បានទទួលលិខិតផ្លូវការណាមួយពីការបិទសណ្ឋាគារនេះទេ ក៏ប៉ុន្តែសណ្ឋាគារលំដាប់ផ្កាយបែបនេះ គឺជាសមត្ថកិច្ចថ្នាក់ជាតិ ព្រោះវាមានបន្ទប់ច្រើនលើសពីសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរទៅហើយ ។

សូមរំលឹកថាកន្លងមកនេះ សណ្ឋាគារGreat Duke មានបាតុភាព បុគ្គលចេញតវ៉ារឿងបើកប្រាក់ខែយឺតយ៉ាវ ដោយបុគ្គលិកបានធ្វើពហិការមិនធ្វើការនិងកាន់បដាតវ៉ានៅមុខសណ្ឋាគារនេះ ។ ក្រោយមកទៀតដោយមានការសម្របសម្រួលបុគ្គលិកក៏ព្រមចូលធ្វើការវិញ ជាមួយនឹងលក្ខខណ្ឌ ដែលអ្នកគ្រប់គ្រងសណ្ឋាគារបានផ្ដល់ជូន ។ តែលើកនេះសណ្ឋាគារបានប្រកាសបិទដំណើរការនិងបានប្រកាសពីមូលហេតុនេះការបិទទ្វារដោយសារតែបញ្ហាសេដ្ឋកិច្ច ។

គួរបញ្ជាក់ថា ចំនួនសណ្ឋាគារពីផ្កាយ១ដល់ផ្កាយ៥នៅកម្ពុជា មាន១៥២សណ្ឋាគារ ក្នុងនោះមានបន្ទប់សរុបចំនួន ១៧.៤៥០បន្ទប់ ។ ដោយឡែកសណ្ឋាគារផ្កាយ៥ទូទាំងប្រទេសមានចំនួន ៣៦សណ្ឋាគារ បន្ទប់សរុបចំនួន ៨.០៤២បន្ទប់ ។ នៅភ្នំពេញមានសណ្ឋាគារផ្កាយ៥ចំនួន៧ គិតទាំងសណ្ឋាគារ Great Duke ដែលមានបន្ទប់សរុប១.៩១៩បន្ទប់ ៕