នាយករដ្ឋមន្រ្តីកាណាដា ការពារការសម្រេចចិត្តលើកលែងទណ្ឌកម្ម លើម៉ាស៊ីនទួរប៊ីន ដែលជាកម្ម សិទ្ធិរបស់រុស្ស៊ី

 (អូតាវ៉ា)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំំ២០២២ បញ្ជាក់ថា នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាន និយាយនៅថ្ងៃពុធសប្តាហ៍នេះថាវាគឺជា «ការសម្រេចចិត្តដ៏លំបាកមួយ» ក្នុងការផ្តល់ការលើកលែងទណ្ឌកម្មដែលបានដាក់លើរុស្ស៉ី តាមរយៈការបញ្ជូនម៉ាស៊ីនទួរប៊ីនសម្រាប់ថែទាំបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) ត្រឡប់ទៅអាល្លឺម៉ង់វិញ។

អ៊ុយក្រែន បានហៅការសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ា ថាជាទង្វើបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដាក់ ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ លោក ទ្រូដូ បាននិយាយថាទណ្ឌកម្ម គឺកំណត់គោលដៅទៅលើប្រធានាធិប តីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសហការីរបស់លោក ប៉ុន្តែវាមិនត្រូវបានបង្កើតឡើងដើម្បីធ្វើបាប សម្ព័ន្ធមិត្តរបស់យើង ឬប្រជាជនរបស់ពួកគេទេ។ លោក ទ្រូដូ បានបន្ថែមថាទីក្រុងអូតាវ៉ានៅតែបន្ត ប្រកាន់គោលជំហរច្បាស់លាស់ជាមួយអ៊ុយក្រែន។

សូមជម្រាបថា កាណាដា បានយល់ព្រមបញ្ជូនម៉ាស៊ីនទួរប៊ីនខាងលើ ដែលត្រូវបានជួសជុលក្នុង ទីក្រុងម៉ុងរ៉េអាល់ ទៅឱ្យក្រុមហ៊ុនថាមពលអាល្លឺម៉ង់ Siemens បើទោះជាទួរប៊ីននេះស្ថិតនៅក្រោម ទណ្ឌកម្មលោកខាងលិចដាក់លើរុស្ស៉ីក៏ដោយ។ ទួរប៊ីននេះគឺជាផ្នែកមួយនៃបំពង់ឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ ដែលផ្គត់ផ្គង់ឧស្ម័ន ពីរុស្ស៉ីទៅអាល្លឺម៉ង់ ហើយបើតាមការគ្រោងទុកម៉ាស៊ីនមួយនេះនឹងត្រូវ បញ្ជូនចេញបន្តពីអាល្លឺម៉ង់ ទៅរុស្ស៉ីវិញ៕