រដ្ឋមន្ដ្រីក្រសួងកីឡាមីយ៉ាន់ម៉ា សម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះហេដ្ឋារចនាសម្ព័ន្ធ កីឡាកម្ពុជា


 (ភ្នំពេញ)៖ លោក Minn Thein Zan រដ្ឋមន្ត្រីក្រសួងកីឡា និងកិច្ចការយុវជន និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា បានសម្ដែងការភ្ញាក់ផ្អើល និងមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលមាន លក្ខណៈស្ដង់ដារសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។ការលើកឡើងបែបនេះ បន្ទាប់មន្ដ្រីជាន់ខ្ពស់ មីយ៉ាន់ម៉ាខាងលើ និងប្រតិភូ ជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា ១០ប្រទេសផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ កីឡាកម្ពុជា រួមមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយ ការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ានប៉ារ៉ា ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានាព្រឹកមិញនៅ សណ្ឋាគារសុខាភ្នំពេញ។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃចន្ទនេះ លោក Minn Thein Zan បានបង្ហាញអារម្មណ៍រំភើបរីករាយជាមួយភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធកីឡា របស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់។ លោកថា «ពិតជាគួរឲ្យរំភើបចិត្ត ចំពោះអគារដ៏ល្អ កីឡដ្ឋានដ៏ស្រស់ស្អាត ទីលានបាល់ទាត់ដ៏ស្រស់ ស្អាត។ កម្ពុជាមានការរីកចម្រើនច្រើន ជាប្រទេសឆ្លាតវៃ។ ខ្ញុំពិតជាមានមោទកភាពចំពោះប្រទេសរបស់អ្នកណាស់»

រដ្ឋមន្ដ្រីក្រសួងកីឡានិងកិច្ចការយុវជនមីយ៉ាន់ម៉ាដដែលបានបញ្ជាក់ថា «ខ្ញុំទើបតែមកដល់កម្ពុជាលើកដំបូង។ កម្ពុជាមានការរីកចម្រើន និងរីកចម្រើនយ៉ាងច្រើនជាមួយនឹងអគារ និងទីលានប្រកួតកីឡា។ កម្ពុជានឹងអាចធ្វើពិធីអបអរសាទរសម្រាប់ស៊ីហ្គេម លើកទី៣២ ដ៏អស្ចារ្យ…។ យើងបានត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំអត្តពលិក ដើម្បីបញ្ជូនមកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ហើយយើងកំពុងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីចូលរួមស៊ីហ្គេមនៅកម្ពុជា»

លោកបន្ដថា «យើង (កម្ពុជា និងមីយ៉ាន់ម៉ា) ជាប្រទេសជិតស្និទ្ធនឹងគ្នា។ ដូច្នេះយើងសប្បាយចិត្ត ខ្លាំងណាស់ នៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ កាលពីព្រឹកមិញ សម្តេចតេជោនា យករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពីការរង់ចាំអស់ ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះហើយគឺជាអ្វីដែលខ្ញុំក៏រីករាយផងដែរ សម្រាប់ប្រទេស និងសម្រាប់ប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា លើកទី១ និងក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា នឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែ កក្កដា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកជាកិច្ចប្រជុំចុងក្រោយ ក្នុងការអនុម័តលើ ការងារសំខាន់ៗមួយចំនួន ដូចជាការកំណត់ប្រភេទកីឡា ការលក់សិទ្ធិផ្សព្វផ្សាយ (ទូរទស្សន៍) និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម ដែលមានប្រតិភូ និងភ្ញៀវអន្ដរជាតិ មកពីបណ្ដាសមាជិកចូលរួមសរុបប្រមាណ ២០០នាក់៕