អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមស្នើឱ្យដំឡើងថ្លៃសំបុត្រយន្តហោះក្នុងស្រុកដោយសារតម្លៃប្រេងកើនឡើង


 (ហាណូយ)៖  យោងតាមកាសែត Vietnam news ចេញផ្សាយបានអោយដឹងថា ដើម្បីដោះស្រាយ បញ្ហាកំណើនថ្លៃប្រេងឥន្ធនៈ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើក្រសួងដឹក ជញ្ជូនវៀតណាម (MOT) សុំដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវអាកាសចំពោះផ្លូវហោះហើរក្នុងស្រុក។ កាសែត Vietna mnews បានរាយការណ៍ដោយដកស្រង់សំណើថ្មីមួយដែលបានផ្ញើទៅក្រសួងដឹក ជញ្ជូនវៀតណាមថា អាជ្ញាធរ CAAV បានស្នើសុំឱ្យកាត់បន្ថយពន្ធការពារបរិស្ថាននិងពន្ធនាំចូល សម្រាប់ប្រេងឥន្ធនៈយន្តហោះ និងការដំឡើងថ្លៃសេវាលើផ្លូវហោះហើរក្នុងស្រុក។

អាជ្ញាធរ CAAV ស្នើដំឡើងថ្លៃដឹកជញ្ជូនអ្នកដំណើរលើផ្លូវហោះហើរក្នុងស្រុក ៣,៧៥ភាគរយដល់ តម្លៃដែលបានកំណត់ក្នុងឆ្នាំ២០១៤។

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តម្លៃ ប្រេងឥន្ធនៈយន្តហោះប្រភេទ Jet A1 នៅអាស៊ីបានឡើងដល់ ១៥៣,៥៩ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃជាមធ្យមរបស់ប្រភេទប្រភេទ Jet A1 នេះនៅក្នុងឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណ ថាមានតម្លៃ ១៤៣,៤ដុល្លារក្នុងមួយបារ៉ែល។

សមាគម IATA ចាត់ទុកបញ្ហានេះថាជាបញ្ហាដែលបណ្តាលឱ្យ «ឈឺក្បាល» បំផុតសម្រាប់អាជីវកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស។ យោងតាមកាសែត Vietnam news អាជ្ញាធរ CAAV បានគណនាថា៖ «បើថ្លៃប្រេងឥន្ធនៈមានចំណែក ៣៩,៥ ភាគរយនៃការចំណាយសរុប ហើយការចំណាយផ្សេងទៀត នៅដដែលនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកំពុងទទួលរងកំណើនការចំណាយប្រេងឥន្ធនៈសម្រាប់ខែកក្កដា ឆ្នាំ២០២២ ជិត ៩៣ ភាគរយបើធៀបនឹងខែធ្នូ ឆ្នាំ២០១៤ និងជិត ១១៥ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥។ ហើយការកើនឡើងថ្លៃប្រេងឥន្ធនៈកំពុងជំរុញឱ្យការចំណាយសរុបសម្រាប់ខែកក្កដា ឆ្នាំ២០២២ កើនឡើង ៣៩ ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០១៤ និងជាង ៤៦ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ »។ តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមហ៊ុន អាកាសចរណ៍នេះបង្កើតផែនការអាជីវកម្មរបស់ខ្លួនដោយផ្អែកលើតម្លៃសាំងនៅ ៨០ ដុល្លារក្នុងមួយ បារ៉ែលក្នុងឆ្នាំ២០២២។ ជាមួយនឹងតម្លៃសាំងបច្ចុប្បន្ន ក្រុមហ៊ុន Vietjet Air នឹងត្រូវចំណាយបន្ថែម ចំនួនពី ៦,៥ទ្រីលានដុង (២៨២លានដុល្លារ) ដល់ ៧,៥ទ្រីលានដុង។ នេះបើយោងតាមកាសែត Vietnam news៕