(វ៉ាស៊ីនតោន)៖ អគ្គនាយករបស់មូលនិធិរូបិយវត្ថអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva កំពុងជំរុញប្រទេសចិន និងក្រុមប្រទេស G20 ឱ្យពន្លឿនការបន្ធូរបន្ថយឬការចោល បំណុលសម្រាប់ ប្រទេសដែលជំពាក់បំណុលច្រើន ដោយព្រមានថា ការខកខានណាមួយអាច បង្កឱ្យមាន «ស្ថានភាពធ្លាក់ចុះកាន់តែខ្លាំង (downward spiral)» ដែលបង្កឱ្យមានការខូចខាត ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Georgieva បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមានសារៈសំខាន់ណាស់ក្នុងការចាប់ ផ្តើមឡើងវិញនូវក្របខ័ណ្ឌរួម (G20 Common Framework) សម្រាប់ការដោះស្រាយបំណុល ដែលបានជាប់គាំង និងត្រូវបានអនុម័តដោយក្រុមប្រទេស G20 និងក្រុមប្រទេសម្ចាស់បំណុលដែល ហៅថា ក្លឹបប៉ារីស (Paris Club) ក្នុងខែតុលា ឆ្នាំ២០២០ ប៉ុន្តែមិនបានផ្តល់លទ្ធផលណាមួយឡើយ រហូតមកដល់ពេលនេះ។
លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា៖ «នេះជាប្រធានបទដែលមិន ផ្តល់ភាពរីករាយដល់យើងក្នុងការជជែកគ្នា។ ប្រសិនបើការជឿទុកចិត្តត្រូវបានបំផ្លាញដល់ចំណុចមួយដែលមានស្ថានភាពធ្លាក់ចុះកាន់តែខ្លាំង អ្នកមិនដឹងទេថា វានឹងបញ្ចប់នៅទីកន្លែងណានោះឡើយ»។
លោកស្រី Georgieva បានបន្ថែមថា លោកស្រីបាននិយាយជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានប្តូរវេនរបស់ G20 នៅឆ្នាំនេះ ក្នុងឡុងពេលកិច្ចប្រជុំរបស់ក្រុម ប្រទេស G7 កាលពីខែមុននៅប្រទេសអាឡឺម៉ង់ ហើយបានជំរុញឱ្យគាត់ជំរុញឱ្យមានសាមគ្គីភាព កាន់តែខ្លាំងជាងនេះទៅលើបញ្ហាបំណុលនេះ មុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅខែ វិច្ឆិកា។ លោកស្រី Georgieva បាននិយាយថា៖ «មេដឹកនាំក្រុមប្រទេស G20 មិនចង់ស្ថិតក្នុង ស្ថានភាពមួយដែលបញ្ហានេះគ្របដណ្ដប់លើកិច្ចសន្ទនានោះទេ ដោយគ្រាន់តែដោយសារមិនមាន វឌ្ឍនភាពនោះឡើយ»។
មន្ត្រីរបស់ប្រទេសលោកខាងលិចកំពុងបង្កើនការរិះគន់ទៅលើដំណើរការក្របខ័ណ្ឌរួមរបស់ក្រុមប្រទេស G20 (G20 Common Framework) នេះ បន្ទាប់ពីគ្មានភាពរីកចម្រើនជិតពីរឆ្នាំ ដែលត្រូវបាន ស្តីបន្ទោសយ៉ាងខ្លាំងថាបណ្តលមកពីប្រទេសចិន ដែលជាម្ចាស់បំណុលរដ្ឋ និងម្ចាស់បំណុលផ្នែក ឯកជនដ៏ធំបំផុតក្នុងពិភពលោក ។
លោកស្រី Georgieva បានថ្លែងថា ស្ទើរតែមួយភាគបីនៃប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង និងពីរដងនៃ សមាមាត្រនោះនៃបណ្តាប្រទេសមានប្រាក់ចំណូលទាប ស្ថិតនៅក្នុងបញ្ហាបំណុល ដោយស្ថានភាព កាន់តែអាក្រក់ទៅៗនៅពេលដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនបានដំឡើងអត្រាការប្រាក់។
លោកស្រីបានបន្តថា លំហូរចេញមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងកំពុងបន្តកើតមាន ហើយជិត មួយក្នុងចំណោមបីប្រទេសនៃប្រទេសទាំងនេះ ឥឡូវនេះមានអត្រាការប្រាក់ ១០ ភាគរយ ឬខ្ពស់ ជាងនេះ។ លោកស្រី Georgieva កត់សម្គាល់ថា ប្រទេសមានប្រាក់ចំណូលមធ្យមកាន់តែច្រើន ឡើង រួមទាំងប្រទេសស្រីលង្កា និងម៉ាឡាវី កំពុងស្វែងរកជំនួយពីមូលនិធិ IMF ហើយប្រទេសផ្សេង ទៀតទំនឹងជានឹងមកបន្ថែមទៀត។
ដោយកត់សម្គាល់ថា សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង និងប្រទេសកំពុង អភិវឌ្ឍន៍ដែលស្ថិតក្នុងវិបត្តិកាន់តែស្ថិតក្នុងស្ថានភាពលំបាកថែមទៀតក្នុងពេលដែលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតស្រាប់ទៅហើយនោះ លោកស្រីបានថ្លែងថា៖ «សម្ពាធលើពួកយើងក្នុងការចាត់ វិធានការមានខ្ពស់ណាស់»។
លោកស្រី Georgieva បាននិយាយថា វាជាការចាំបាច់ក្នុងការមានការឯកភាពលើការបន្ធូរបន្ថយ ឬលុបចោលបំណុលសម្រាប់ប្រទេសសំប៊ី ប្រទេសឆាដ និងអេត្យូពី ដែលជាប្រទេសទាំងបីនេះបាន ស្នើសុំជំនួយពីក្របខ័ណ្ឌរួមរបស់ G20 នេះ ហើយគណៈកម្មាធិការម្ចាស់បំណុលរបស់ក្របខ័ណ្ឌនេះ នឹងជួបប្រជុំក្នុងខែនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺលោកស្រីបានជំរុញឱ្យប្រទេសចិនសម្របសម្រួលឱ្យកាន់តែ ប្រសើរក្នុងចំណោមធនាគារផ្តល់ប្រាក់កម្ចីជាច្រើនរបស់ខ្លួន ដោយព្រមានថា ទីក្រុងប៉េកាំងនឹងក្លាយ ជា «អ្នកខាតបង់ខ្លាំងទីមួយ» ប្រសិន បើបញ្ហាបំណុលបច្ចុប្បន្នធ្លាក់ចូលទៅក្នុងវិបត្តិពេញលេញ៕