(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កីឡារួមចំណែក ដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់ នៃផលិត ភាពសេដ្ឋកិច្ច។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម មានគុណភាពខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់នៃផលិតភាពសេដ្ឋកិច្ច។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យក ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែក ដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម មានគុណភាពខ្ពស់»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សកម្មភាពអប់រំកាយ និងកីឡាមាន សារៈសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្តជ្រះថ្លា និងការងារ បង្កើនបញ្ញាឈ្លាសវៃ ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានខកខានចាប់យកឱកាសនេះ ជា ច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាព ពេញលេញ និងកៀរគរធនធានចាំបាច់ គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឲ្យបានល្អ និងរលូន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។
សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតា រៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយ ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និង ភ្ញៀវជាតិ-អន្តរជាតិ ដើម្បី ទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា៕