(ឡុងដ៍)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់សមាជិកសភា ថាលោកនឹងមិនលាលែងចេញពីតំណែងនោះទេ បើទោះជាគណៈរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូប នាំ គ្នាលាលែងពីតំណែង ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការដឹកនាំប្រទេស និងការដោះស្រាយ បញ្ហារបស់លោកពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលរងការចោទប្រកាន់ពីការបៀត បៀនផ្លូវភេទក៏ដោយ។
ការបញ្ជាក់ជំហរខាងលើរបស់លោក ចនសុន ធ្វើឡើងកំលុងការសួរដេញដោលមួយនៅឯសភា អង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការងាររបស់នាយករដ្ឋមន្ត្រី នៅក្នុងកាលៈទេសៈដ៏លំបាក នោះគឺបន្តដើរទៅមុខ ហើយនេះគឺជាវាអ្វីដែលខ្ញុំកំពុងធ្វើ»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថាលោកខ្លួនឯង មិនជឿទេថាវាជាការប្រឆាំងនឹងផលប្រយោជន៍ ជាតិ បើលោកនៅតែបន្តកាន់អំណាច។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីគណៈរដ្ឋ មន្ត្រីសំខាន់ៗរបស់លោក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក សាជីដ ហ្សាវីដ (Sajid Javid) លាលែងចេញពីតំណែង ដោយនិយាយថាលោក ចនសុន មិនមានសមត្ថភាពដឹក នាំរដ្ឋាភិបាល។ គិតមកទល់នឹងពេលនេះ មានគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលអង់គ្លេសចំនួន ៤៣រូបហើយ បានសម្រេចចិត្តលាលែងចេញពីតំណែង៕