ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន០៧គ្រាប់នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន ៧គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលកំពុងជីកស្រះ នៅក្នុងចំការក្នុងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយប្រទះឃើញពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩នេះថា៖ នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ឈន់ ភារុណ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលអេស្ការវេទ័រមួយគ្រឿងទៅធ្វើការជីកស្រះដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់ក្នុងដីចម្ការមួយកន្លែងចម្ងាយប្រមាណជា២,០០០ម៉ែត្រ ខាងជើងភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ។ក្រោយកាយបានបន្តិចក៏ប្រទះឃើញគ្រាប់ ប្រភេទB.40 ចំនួន០៧គ្រាប់ និងសាស B.40 ចំនួន១០ ដែលកប់នៅក្នុងដី។
អធិការស្រុកថ្មពួកលោក សៅ សារឿន បានដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ និងហ៊ុមព័ទ្ធដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។នៅរសៀលថ្ងៃទី២៣ខែធ្នូ កម្លាំងជំនាញស៊ីម៉ាក់បានចុះដល់ទីតាំងគ្រាប់ហើយក៏បានធ្វើការប្រមូលគ្រាប់ទាំងនោះយកមករក្សាទុកដើម្បីកំទេចចោល។

យោងតាមសម្តីរបស់មន្ត្រីជំនាញស៊ីម៉ាក់បានអោយដឹងថា ទីតាំងប្រទះឃើញនេះគឺជាទីតាំងសមរភូមិក្តៅប្រយុទ្ធយ៉ាងស្វិតស្វាញរវាងក្រុមតស៊ូក្នុងព្រៃជាមួយទាហានរដ្ឋាភិបាល ហើយគ្រាប់ទាំងនេះត្រូវបានគេកប់ទុកចោលតាំងពីសម័យនោះមកម្លេះ។ តែទោះជាកប់ទុកចោលយូរយ៉ាងនេះក្តី ក៏គ្រាប់នេះនៅតែមានប្រសិទ្ធិភាព អាចសម្លាប់មនុស្សឬសត្វបានគ្រប់ពេល ប្រសិនជាមានការប៉ះទង្គិចជាមួយអ្វីមួយ។

ក្នុងនោះដែរ មន្ត្រីជំនាញស៊ីម៉ាក់ក៏បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ឬ វត្ថុដែលមានការសង្ស័យ សូមកុំប៉ះពាល់វា ហើយត្រូវរាយការណ៍បន្ទាន់មកសមត្ថកិច្ចដែលស្ថិតនៅជិតបំផុត ដើម្បីចុះត្រួតពិនិត្យ និង បំផ្លាញចោល៕