អាជ្ញាធរជាតិអប្សរាស្នើឱ្យពលរដ្ឋប្រើប្រាស់ទឹកបារាយណ៍ដោយសន្សំសំចៃខ្ពស់

ខេត្តសៀមរាប ៖ ការងារគ្រប់គ្រងទឹក ជាការងារសំខាន់បន្ទាប់ពីកិច្ចការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា។ នារដូវប្រាំងឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យប្រជាកសិករដែលកំពុងប្រើប្រាស់ទឹកក្នុងបារាយណ៍ខាងលិច មានការសន្សំសំចៃខ្ពស់ ដើម្បីចៀសវាងបញ្ហាខ្វះទឹកនាពេលខាងមុខ។

នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចុះណែនាំដល់ប្រជាកសិករដែលកំពុងប្រើប្រាស់ទឹកបារាយណ៍ខាងលិចឱ្យមានការសន្សំសំចៃ នៅពេលដែលរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយយូរ។ បច្ចុប្បន្ននេះ ប្រជាកសិករមួយផ្នែកនៃក្រុងសៀមរាប និងស្រុកពួក កំពុងទាញយកទឹកបារាយណ៍ខាងលិច ដើម្បីស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ៧,៥០០ហិកតា។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកទឹកសម្រាប់ផ្គត់ផ្គង់ស្រែប្រាំងទាំងនោះចាប់ពីខែ វិច្ឆិការហូតដល់ចុងខែ កុម្ភៈ គឺរហូតដល់ប្រជាកសិករប្រមូលផលស្រូវប្រាំងរួច។ បងប្អូនប្រជាកសិករអាចស្នើសុំទឹកបារាយណ៍តាមរយៈអាជ្ញាធរមូលដ្ឋាន ឬតាមសហគមន៍ប្រើប្រាស់ទឹកមកកាន់អាជ្ញាធរជាតិអប្សរា។ ហើយកំឡុងពេលផ្តល់ទឹកជូននេះ ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹកបានចុះជាប្រចាំជាមួយក្រុមការងារសហគមន៍ប្រើប្រាស់ទឹក ក្នុងបំណងផ្តល់ទឹកជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់ និងមានការសន្សំសំចៃខ្ពស់។

ក្រៅពីផ្គត់ផ្គង់ស្រូវប្រាំងដល់កសិករ មួយផ្នែកនៃទឹកបារាយណ៍ខាងលិចត្រូវបានចែកចាយដល់រដ្ឋាករទឹកខេត្តសៀមរាបប្រមាណមួយម៉ឺនមែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ចំណែកមួយផ្នែកទៀតត្រូវបានរក្សាទុកក្នុងអាងបារាយណ៍សម្រាប់ផ្គត់ផ្គង់ទឹកក្រោមដី។

គួរបញ្ជាក់ថា ចាប់ពីខែសីហា ដល់ខែតុលា ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹក បានធ្វើការបញ្ចូលទឹកមករក្សាទុកនៅក្នុងបារាយណ៍ប្រមាណជា ៥៦លានម៉ែត្រគូប ដែលប្រភពទឹកសំខាន់ដែលមកបំពេញបារាយណ៍នេះគឺបានមកពីភ្នំគូលែន និងរបបទឹកភ្លៀងដែលប្រមូលបានពីជុំវិញទំនប់ទឹកក្នុងរមណីយដ្ឋានអង្គរ៕