(ភ្នំពេញ)៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមតំណាងសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំ គណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូល រួមពិធីមិទ្ទិញអបអរសារទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀត ណាម (ថ្ងៃទី២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។
ការបំពេញទស្សនកិច្ចផ្លូវការនេះធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
មិទ្ទិញត្រូវបានធ្វើនៅសាលមហោស្រពក្រុងហាណូយ (Hanoi Opera House) ដែលមានការ សម្តែងសិល្បមិត្តភាពកម្ពុជា-វៀតណាម និងចូលរួមដោយថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អតីត យុទ្ធជនស្ម័គ្រចិត្តវៀតណាម និងអតីតជំនាញការវៀតណាម រួមជាមួយនិស្សិតកម្ពុជាដែលរៀននៅ ក្រុងហាណូយ។
ក្នុងឱកាសនោះ លោក ឡេ មិញខាយ (Le Minh Khai) ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា ក្នុងនាមរដ្ឋាភិបាលវៀតណាម។ ដោយឡែកលោកជំទាវ ម៉ែន សំអន បានថ្លែងសុន្ទរកថា ក្នុងនាមរា ជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងពីប្រវត្តិនៃមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការថែរក្សាចំណងមិត្តភាពដ៏ថ្លៃថ្លាមិនឲ្យបាត់បង់។
លោកស្រី ម៉ែន សំអន បានរំលឹកពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ដែលបានថ្លែងកាលពីថ្ងៃទី២០ មិថុនា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាពិសេសផ្តោត លើទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគមនិយម និងបង្រួប បង្រួមជាតិ។ នៅថ្ងៃដដែលនោះ គណៈប្រតិភូកម្ពុជាបានជួបសម្ដែងការគួរសមជាមួយលោក ង្វៀន ភូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ផាម មិញជិញ (Pham Minhg Chinh) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញខាយ ( Le Minh Khai) ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគម មិត្តភាពវៀតណាម-កម្ពុជា។ ក្នុងពេលជួបជាមួយថ្នាក់ដឹកនាំវៀតណាមខាងលើ លោកជំទាវ ម៉ែន សំអន បានអបអរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់របស់វៀតណាម ក្រោមការដឹកនាំ របស់គណបក្សកុម្មុយនីស្តវៀតណាម។
ចំណែកថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពី និងកោតសរសើរកម្ពុជាដែលសម្រេចបានជោគជ័យក្នុងការកសាងប្រទេស ជាពិសេសជោគជ័យ របស់គណបក្សប្រជាជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងរយៈពេល៥៥ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អ និង ស្មោះត្រង់។ ប្រទេសទាំងពីរបានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជា ប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផងដោយសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានដោះស្រាយបញ្ហាព្រំដែនគោក តាមរយៈការបោះបង្គោលព្រំដែនគោក ស្ទើរតែចប់សព្វគ្រប់ និងការថែរក្សា និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍ ដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ប្រទេសនិងប្រជាជន៕