(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលារួម កម្ពុជា-កូរ៉េ លើកទី២ ស្តីពីជំងឺត្រចៀក ច្រមុះ បំពង់ក ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានអញ្ជើញចូលរួមពី លោក គីម ក្វាង វូគ អនុប្រធាន KOICA ប្រចាំកម្ពុជា, លោកសាស្ត្រាចារ្យ យូ ប្យុង វូគ ប្រធានគ្រប់គ្រងគម្រោងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង និងក្រុមគ្រូពេទ្យ, លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា នេះជាពិធីដ៏មហោឡារឹកមួយដែលមន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយនឹងទីភ្នាក់ងារ KOICA ព្រមទាំង Soonchunghyang University Medical Center ក្នុងការរៀបចំ សិក្ខាសាលានេះជាលើកទី២ ដើម្បីជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ស្តីពីជំងឺត្រចៀក-ច្រមុះ-បំពង់ក ដល់ក្រុមគ្រូពេទ្យ និងនិស្សិតនៃប្រទេសទាំងពីរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា សព្វថ្ងៃមន្ទីរពេទ្យព្រះអង្គឌួង កំពុងមានការរីកចម្រើនគួរឲ្យកត់សំគាល់ ហើយកំណើនប្រជាជនដែលមកទទួលសេវាមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផ្នែកជំងឺត្រចៀក-ច្រមុះ-បំពង់ក ពីព្រោះមន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលផ្តល់គុណភាពសេវាសុខភាពប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បានជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយលំហូរចេញទៅព្យាបាលនៅបរទេស ដែលបញ្ហាទាំងនេះស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតេជោ តែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាចម្បង។ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួងនេះហើយ ទើបធ្វើឱ្យមន្ទីរពេទ្យមានតម្រូវការចាំបាច់ នូវអគារសម្រាប់ផ្គត់ផ្គង់ការសម្រាកព្យាបាលដល់អ្នកជំងឺ។
ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលផ្តល់ជំនួយអគារថ្មីមួយទៀត និងបច្ចេកទេសសម្រាប់ជំងឺត្រចៀក-ច្រមុះ-បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈទីភ្នាក់ងារ KOICA និង Soonchunghyang University Medical Center ដែលជាជំនួយទី២ បន្ទាប់ពីអគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ទោះបីមានបញ្ហាលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ អូសបន្លាយយ៉ាងណាក៏ដោយ។
សម្រាប់ជំនួយជាអគារថ្មីនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានស្នើដល់ភាគីកូរ៉េ បន្ដជួយពិនិត្យបន្ថែមទៀត បើមានការខ្វះខាត ដើម្បីឱ្យអគារនេះ ល្អ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា «ក្រៅពីការផ្តល់ជំនួយជាអគារសម្រាប់ជំងឺត្រចៀក-ច្រមុះ-បំពង់ក ភាគីកូរ៉េ នៅបានបន្តជួយលើកកម្ពស់ខាងបច្ចេកទេសព្យាបាលជំងឺត្រចៀក-ច្រមុះ បំពង់ក ដោយបានផ្តល់ការបណ្ដុះបណ្តាលជាប្រចាំដល់ក្រុមគ្រូពេទ្យ-គិលានុបដ្ឋាក-យិកា បានទៅសិក្សាបន្ថែមផ្នែកជំនាញឯកទេសនេះបន្តទៀតនៅសាធារណរដ្ឋកូរ៉េ។ ជាការពិតណាស់ការអភិវឌ្ឍធនធានមនុស្ស គឺមានសារៈសំខាន់ណាស់ ហើយត្រូវយល់ថា ពេទ្យគឺជាធនធានមួយដ៏សំខាន់ ដែលត្រូវកាអភិវឌ្ឍជាបន្ដបន្ទាប់រៀងរហូត កាលណាធ្វើពេទ្យ ត្រូវតែរៀនរហូត អត់ចប់ទេ ព្រោះបច្ចេកវិទ្យាតែងវិវឌ្ឍទៅមុខ ពេទ្យយើងត្រូវចេះប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបនេះ ដើម្បីធ្វើយ៉ាងណាឱ្យការព្យាបាលរបស់យើង មានប្រសិទ្ធិភាពខ្ពស់ និងសុវត្ថិភាពជូនដល់អ្នកជំងឺ។ ដូច្នេះសូមស្នើដល់ភាគីកូរ៉េ បន្ដលើកកម្ពស់បច្ចេកវិទ្យាបន្ថែមទៀតដល់កម្ពុជា»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា សម្រាប់អង្គសិក្ខាសាលានាពេលនេះ ក៏ជាផ្នែកមួយនៃការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក សូមឱ្យសិក្ខាសាលារួមនេះ ប្រព្រឹត្ដទៅបានដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត និងសូមឱ្យចំណងមិត្តភាព-សហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរថែមទៀត។
ជាមួយគ្នានោះ លោក គឹម ក្វាងវុក នាយករងប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា បានថ្លែងថា ក្នុងនាមជាទីភ្នាក់ងារអនុវត្តជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ KOICA មានមោទនភាពដែលបានក្លាយជាដៃគូ និងជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ យើងនឹងបន្តធ្វើការងារ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងសហវិបុលភាព ទៅវិញទៅមក នៃ ប្រទេសទាំងពីរ៕