ឥណ្ឌូណេស៊ីនឹងជួយបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាពីបែបបទទេសចរណ៍ហាឡាល់ ដើម្បីបង្កើនការទាក់ ទាញភ្ញៀវម៉ូស្លីមពីទីផ្សារសកលលោក

(ភ្នំពេញ)៖ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ឥណ្ឌូណេស៊ីនឹងជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងបែបបទនៃទេស ចរណ៍ហាឡាល់ (Tourism Halal) ដើម្បីបង្កើនការទាក់ទាញទេសចរម៉ូស្លីមនៅលើសកលលោក ឱ្យមកទស្សនាកម្ពុជា ជាពិសេសប្រជាជនឥណ្ឌូណេស៊ីផងដែរ។

កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រដួងទេសចរណ៍។ អនុស្សរណៈនេះប្រគល់ដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេស ចរណ៍កម្ពុជា ជូនទៅកាន់លោក Y.M. Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា តំណាងលោក សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ (Sandiaga Salahudin Uno) រដ្ឋមន្រ្តីទេសច រណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីដែលបានចុះហត្ថលេខារួចមកហើយតាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ក្នុងវេទិកាទេសចរណ៍អាស៊ាន ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ភាគីទាំងពីរបានបង្ហាញការជឿជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ ឱកាសកាន់តែច្រើនក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរបទ ពិសោធន៍នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពរសម្រាប់កម្ពុជា-ឥណ្ឌូណេស៊ី។

លោកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី Y.M. Sudirman Haseng បានបញ្ជាក់ថា «តាមរយៈអនុស្សរណៈ យោគយល់គ្នានេះស្ថានទូតឥណ្ឌូណេស៊ីបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីទេសចរណ៍ហាឡាល់ (Tourism Halal) សម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងគោលដៅទាក់ទាញ ទេសចរម៉ូស្លីមនៅលើសាកលលោក ជាពិសេសប្រជាជនឥណ្ឌូណេស៊ីមកទស្សនានៅកម្ពុជាផងដែរ»

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រនិងជំរុញឱ្យមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីទេសចរណ៍ហាឡាល់ (Tourism Halal) នេះបន្តទៀត។ លោកបានឱ្យដឹងដែរថា ភ្ញៀវទេស ចរណ៍ម៉ូស្លីម និងទេសចរណ៍ហាឡាល់នេះ គឺពិតជាសំខាន់ណាស់សម្រាប់ការរៀបចំផែនការទាក់ ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ថោង ខុន ក៏បានស្នើដល់លោក Y.M. Sudirman Haseng ជួយជំរុញឱ្យមានជើងហោះ ហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ី ស្របតាមស្មារតីអនុស្សរណៈយោគយល់ គ្នាខាងលើនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលបានសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងការរៀបចំកម្មវិធី Batik Kroma ដែលជាព្រឹត្តិការណ៍ជិះកងនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរវត្ត ក្នុងគោលបំណងដើម្បីរក្សា និងធ្វើឱ្យទំនាក់ទំនងមិត្ត ភាពរវាងកម្ពុជា-ឥណ្ឌូណេស៊ីកាន់តែប្រសើរឡើង ព្រមទាំងបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងវប្ប ធម៌រវាងប្រទេសទាំងពីរផងដែរ។

រីឯលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីវិញ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ដែលតែងតែគាំទ្រដល់សកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ទៅវិញទៅមក។ លោកក៏សន្យាបន្តនិងពង្រឹងទំនាក់ទំនងក្នុងកិច្ចអភិវឌ្ឍទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត៕