ទីតាំងដាំកញ្ឆា១០កន្លែង នៅស្រុកគិរីវង់ ខេត្តតាកែវ ត្រូវអាវុធហត្ថចុះកាប់បំផ្លាញចោល


 (តាកែវ)៖ ទីតាំងដាំកញ្ឆាចំនួន១០កន្លែង ដែលក្រុមជនខិលខូចលួចដាំនៅលើភ្នំ និងតាមជម្រាល ភ្នំមួយចំនួន នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បើកប្រតិ បត្តិការពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ដោយចុះកាប់បំផ្លាញចោល។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិ ការចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្ត និង ដោយមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងខេត្តតាកែវ។ នៅក្នុងការប្រតិបត្តិការនេះ កងរាជអាវុធហត្ថខេត្ត បានចុះរុករកឃើញទីតាំងដាំកញ្ឆាខុសច្បាប់នៅ ត្រង់ចំណុចខាងកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រោយពីកាប់បំផ្លាញរួចកម្លាំងជំនាញបានធ្វើការដុតបំផ្លាញកញ្ឆាចោលនៅនឹងកន្លែងទីតាំងផ្ទាល់តែម្ដង។ចំពោះមុខសញ្ញាពាក់ព័ន្ធនៅពីក្រោយអ្នកដាំលួចដាំកញ្ឆាខុសច្បាប់ ត្រូវបានលោកមេបញ្ជាការ លើកឡើងថា កម្លាំងសម្ថកិច្ចកំពុងតែធ្វើការស្រាវរក។ លោកថ្លែងថា «លោកព្រះរាជអាជ្ញា បានដាក់ គោលការណ៍ឲ្យសម្ថកិច្ចធ្វើការស្រាវជ្រាវម្ចាស់ទីតាំងចំការ និងអ្នកកាន់កាប់ដីអាស្រ័យផលជា ពិសេសអ្នកនៅពីក្រោយ ដែលផ្ដល់ពូជកញ្ឆា និងផ្ដល់លុយ ដើម្បីធ្វើការចាប់ខ្លួនយកមកផ្ដន្ទាទោស ទៅតាមច្បាប់ឲ្យបាន»។

គួរបញ្ជាក់ថា ស្រុកគីរីវង់ ខេត្តតាកែវ គឺជាស្រុកមួយដែលល្បីល្បាញរឿងការលួចដាំកញ្ឆាខុសច្បាប់ នៅលើភ្នំ និងតាមជួភ្នំជាច្រើនៅក្នុងស្រុកនេះ។ កន្លងមកបើទោះបីជាសម្ថកិច្ចចុះបង្រ្កាបយ៉ាងណា ក៏ការលួចដាំដំណាំខុសច្បាប់នេះ នៅតែបន្តឥតឈប់ឈ ស្ថានភាពបែបនេះ ត្រូវបានមតិប្រជាពល រដ្ឋមួយចំនួនលើកឡើងថា ការដាំកញ្ឆាខុសច្បាប់នេះ គឺមានការចាត់តាំងច្បាស់លាស់ និងមានអ្នក មានលុយកាក់នៅពីក្រោយដែលយកពូជ និងផ្ដល់លុយកាក់ឲ្យប្រជាពលរដ្ឋដាំឲ្យពួកគេ៕