សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបាន មកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមាន មោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់ បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូង។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញទទួល និង លើកពានរង្វាន់បាល់ទាត់ពិភពលោក រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាការ បង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤ ។ ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមានអត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភព លោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវ បានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមាន ឱកាសកាន់ប៉ះដោយផ្ទាល់នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈសំខាន់នេះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មាន អត្ថន័យនេះ ។ ជាការពិត ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះតំណាងឱ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់ កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេងដោយយុត្តិធម៌ដែលគេតែងតែ ហែ្វរ ទង់ (Fair Play) ចូល ទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្ដើម»

សម្តេចតេជោ បា នបន្តថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញ និយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុសស្រីប្រមាណ ២៦៥ លាននាក់ ជាអ្នកលេងកីឡា នេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ។ ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡា ការិនីដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេង ដើម្បី សប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់ ។

សម្តេចបានបន្ថែមទៀតថា ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់ព្រះរាជាណាចក្រ កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាព សុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្ត ការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះសម្តេចក៏បានអំពាវនាវឱ្យអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា ដែលជាម្ចាស់ ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ី-ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់ បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបាន សហការរៀបចំកម្មវិធីនេះជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ។ សម្តេចពិតជាមានសុទិដ្ឋិនិយម និងសូមជូនពរឱ្យដំណើរ ទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក និងព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នេះ ដំណើរការដោយរលូន និងទទួលជោគជ័យដ៏ត្រចះត្រចង់៕