(ឡាអេ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែ មិថុនា ឆ្នាំ២០២២។ប្រមុខអង្គការណាតូ (NATO) លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា NATO ត្រូវតែពង្រឹង «ការត្រៀមខ្លួនកាន់តែខ្ពស់» និង សមត្ថភាពអាវុធរបស់ខ្លួន នៅតាមព្រំដែនអឺរ៉ុបខាងកើត ចំពោះមុខការឈ្លានពានរបស់ រុស្ស៉ីលើ អ៊ុយក្រែន។
ការបញ្ជាក់របស់ប្រមុខ NATO ខាងលើនេះធ្វើឡើង បន្ទាប់ពីមានកិច្ចពិភាក្សាក្រៅផ្លូវការជាមួយ នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) និងមេដឹកនាំនៃប្រទេសដាណឺម៉ាក, ប៉ូឡូញ, ឡេតូនី, រូម៉ានី, ព័រទុយហ្គាល់ និងបែលហ្សិក មុនពេលកិច្ចប្រជុំកំពូលរបស់ NATO ប្រារព្ធ ឡើងនាចុងខែមិថុនា ខាងមុខនេះ ក្នុងទីក្រុងម៉ាឌ្រីត (Madrid) នៃប្រទេសអេស្ប៉ាញ។
លោក ស្តូលធិនបឺគ បានថ្លែងថា «ក្នុងកិច្ចប្រជុំនៅឯទីក្រុងម៉ាឌ្រីត យើងនឹងព្រមព្រៀងលើការពង្រឹង ជំហររបស់យើង ដែលបានពិភាក្សាគ្នានៅយប់នេះ, អំពីតម្រូវការក្នុងការត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយ នឹងការផ្គត់ផ្គង់បរិក្ខាយោធាឲ្យបានរួចជាស្រច»។ ដោយឡែក ឆ្លើយតបនឹងការអំពាវនាវរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយបន្ថែម ទៀតនោះ លោក ស្តូលធិនបឺគ បាននិយាយថា ទីក្រុងកៀវ គួរតែទទួលបាននូវអាវុធធន់ធ្ងន់ ប៉ុន្តែ មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ៕