(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំំ២០២២ គឺ រុស្ស៉ី បានប្រាប់ទាហានអ៊ុយក្រែន ដែលត្រូវបានឡោមព័ទ្ធនៅឯរោងចក្រគីមី អាហ្សុត (Azot) នៃសមរភូមិសង្រ្គាមក្នុងទីក្រុងស៉ីវីយេរ៉ូដូណេត (Sievierodonetsk) ឲ្យទម្លាក់អាវុធចុះចាញ់ ឱ្យបានមុនព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ខណៈទាហានរុស្ស៉ីកំពុងបង្កើនការវាយលុក ដើម្បីគ្រប់ គ្រង ភាគខាងកើតអ៊ុយក្រែនទាំងមូល។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax លោក មីកាអែល មីហ្ស៉ីនសេវ (Mikhail Mizintsev) ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមអ្នកប្រយុទ្ធក្នុងរោង ចក្រគីមី អាហ្សុត (Azot) គួរតែបញ្ឈប់ការតស៊ូដោយគ្មានន័យរបស់ខ្លួន ហើយទម្លាក់អាវុធចុះចាញ់ នៅម៉ោង៨ព្រឹក (ម៉ោងនៅមូស្គូ) នេះទៅ»។ លោក មីហ្ស៉ីនសេវ បានបន្ថែមថា ជនស៊ីវិល នឹងត្រូវបាន អនុញ្ញាតឲ្យចាកចេញ តាមច្រករបៀងមនុស្សធម៌។
ស្របពេលដែលទាហានរុស្ស៉ី កំពុងបង្កើនការវាយលុកនៅក្នុងតំបន់ដុនបាស់ (Donbas) អ៊ុយក្រែន បានអំពាវនាវដល់លោកខាងលិចឲ្យបង្កើនការផ្តល់ សព្វាវុធធុនធ្ងន់ មកកាន់ទីក្រុងកៀវ ហើយការ ស្នើសុំនេះនឹងក្លាយជាប្រធានបទដ៏សំខាន់ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិណាតូ (NATO) នៅទី ក្រុងព្រុចសែល (Brussels) នាថ្ងៃពុធសប្ដាហ៍នេះ។
សូមបញ្ជាក់ថា ទីក្រុងស៉ីវីយេរ៉ូដូណេត នៃតំបន់លូហាន់ (Luhansk) ដែលមានប្រជាជនរស់ជាង ១០០,០០០នាក់ មុនពេលមានសង្រ្គាមនោះ ឥលូវនេះ បានក្លាយជាសមរភូមិដ៏ធំបំផុតរបស់អ៊ុយ ក្រែន ខណៈលោក ហ្សេលេនស្គីថាសមរភូមិនេះអាចនឹងកំណត់លទ្ធផលនៃសង្រ្គាមក្នុងតំបន់ ដុនបាស់៕