កាណាដានិងដាណឺម៉ាក យល់ព្រមពុះចែកកោះតូចមួយនៅតំបន់អាក់ទិច ដើម្បីបញ្ចប់វិវាទម្ចាស់កម្ម សិទ្ធិ រយៈពេលជិត៥០ឆ្នាំ


 (កូប៉ិនហាក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា ដាណឺម៉ាកនិងកាណាដា ទីបំផុតបានឯកភាពគ្នាធ្វើការបែងចែក កោះមិនមានមនុស្សរស់នៅតូចមួយ នៅឯតំបន់អាក់ទិច ឈ្មោះថា កោះហាន (Hans) ដើម្បីបិទ បញ្ចប់បញ្ហាវិវាទម្ចាស់កម្មសិទ្ធិ ដែលបានអូសបន្លាយប្រមាណជិត ៥ទសវត្សរ៍ មកហើយ។

កោះ Hans ស្ថិតនៅចម្ងាយស្មើគ្នា រវាងកោះគ្រីនលែន (Greenland) ដែលជាតំបន់ស្វយ័តរបស់ ប្រទេសដាណឺម៉ាក ហើយនិងកោះ អ៊ីឡេស្មៀ (Ellesmere) របស់ប្រទេសកាណាដា។ ប្រទេសទាំងពីរ បានដឹងពីការទាមទារប្រឆាំងគ្នា ជុំវិញសិទ្ធិជាម្ចាស់នៃកោះនេះ ជាលើកដំបូង កាល ពីឆ្នាំ១៩៧១ នៅពេលដែលដាណឺម៉ាកនិងកាណាដា បានជួបពិភាក្សាគ្នាអំពីបញ្ហាព្រំប្រទល់។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ក្រុមមន្រ្តី អ្នកវិទ្យាសាស្រ្ត និងកងទ័ព មកពីដាណឺម៉ាកនិង កាណាដា ធ្លាប់បានធ្វើដំណើរទៅកាន់ កោះ Hans ហើយបានផ្លាស់វេនគ្នារុះរើទង់ជាតិរបស់ភាគី ម្ខាងទៀត ដើម្បីដោតទង់ជាតិរបស់ខាងខ្លួនវិញ៕