(ភ្នំពេញ)៖ យោងតាមលិខិតដែលទទួលបាន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយជូន នាយឧត្តមសេនីយ៍ មីង អោងឡាំ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដោយស្នើឱ្យពិចារណាឡើងវិញចំពោះការអនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង។
លិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គល មួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុង ចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការ ប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាល ពេញសហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និង ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមាន បរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។
«អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយ មីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការ អនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ»។
សម្តេចសង្ឃឹមយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ មីង អោងឡាំង នឹងពិចារណាដោយយោគយល់ ចំពោះការអំពាវនាវរបស់របស់សម្តេចទៅលើករណីនេះ។ សម្តេចក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាព ប្រក្រតីឡើងវិញនិងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិត អតីតសមាជិកគណបក្ស របស់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ ម្នាក់ ពីបទភេរវកម្ម ដែលវានឹងជាការកាត់ទោសប្រហារជីវិត តាមប្រព័ន្ធតុលាការ ជាលើកដំបូងរបស់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩០មក៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖