សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ នៅថ្ងៃទី១០-១២ ខែមិថុនា នៅប្រទេសសិង្ហបុរី


 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេស សិង្ហបុរី តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យា ស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលទទួលបាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា៖

* (១)៖ ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិកសហរដ្ឋអាមេរិក
* (២)៖ ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល
* (៣)៖ ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ
* (៤)៖ ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ
* (៥)៖ ចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់
* (៦)៖ បញ្ហាប្រឈមតាមអ៉ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ
* និង (៧)៖ គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសចំនួន៤ ផងដែរ ដែលរួម មាន៖ (i) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង, (ii) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិ សុខតំបន់, (iii) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ សម្តេចពិជ័យសេនា ទៀ បាញ់ នឹង អញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី  «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថ ភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើក កម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូល បទកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការ ងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួន ដូចជា អូស្រ្តាលី ចិន សិង្ហបុរី និង សហរដ្ឋអាមេរិក ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សជនសំខាន់ៗ រួមមាន នាយកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ផងដែរ៕