សម្តេចតេជោ ព្រមានដកស័ក្តិ និងចាប់ខ្លួនមន្ត្រីយោធាម្នាក់ ករណីចាក់ដីលុបសមុទ្រនៅកោះកុង

ភ្នំពេញ ៖ នៅក្នុងពិធីបុណ្យសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ឲ្យពិនិត្យករណីចាក់ដីលុបចូលសមុទ្រនៅខេត្តកោះកុង ជាបន្ទាន់ និងចាត់វិធានការ ឲ្យបានតឹងរ៉ឹង។ ភ្ជាប់ជាមួយនឹងបញ្ហានេះ សម្តេចតេជោ ក៏បានព្រមានដកស័ក និងចាប់ខ្លួនមន្ត្រីយោធាមួយរូប ដែលនៅពីក្រោយខ្នងនៃការលុបដីចូលសមុទ្រនេះដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ដល់អភិបាល ខេត្តទាំងអស់ត្រូវទប់ ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះការលុបនិងចាក់ដីចូល ក្នុងសមុទ្រធ្វើជាកម្មសិទ្ធិ និងផលប្រយោជ ន៏ផ្ទាល់ខ្លួន។ សម្តេចតេជោ បានស្នើទៅ លោក ជា សុផារ៉ា និងលោកជំទាវអភិបាលខេត្តកោះកុង ពិនិត្យឲ្យបាន ច្បាស់លាស់ករណីចាក់ដីលុបសមុទ្រនៅខេត្តកោះកុង។ ករណីបើសម្តេចរក ឃើញ មានពាក់ព័ន្ធជាមួយមន្ត្រីយោធាណាម្នាក់ នៅពីក្រោយខ្នងនៃការលុបចូលសមុទ្រមែននោះ សម្តេច នឹងមិនទុកមន្ត្រីបែបនេះនៅក្នុងជួរកងទ័ពនោះឡើយ។

យ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏មានការអនុញ្ញាតិ ឲ្យ មានការចាក់ដី លុប សមុទ្រក្នុងករណីចាំបាច់បំផុត ពិសេសទៅលើការកសាង ខ្លះ ដូចជាការកសាងកំពង់ផែ ការចាក់ថ្ម ចូលតំបន់កំសាន្តខ្លះ ដើម្បីរារំាង និងទប់ទឹករលក តែមិនមែនជាការធ្វើដោយបំពាននោះទេ។ សម្តេចតេជោ បានផ្តល់ពាក្យស្លោកមួយថា «កុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល មាន ន័យថា កុំបំផ្លាញធនធានធម្មជាតិសមុទ្រ និងមិនត្រូវបំផ្លាញតំបន់ឆ្នេរ ដើម្បីគ្រាន់តែយកមក ផលប្រយោជន៍រយៈពេលខ្លី៕