(ហ្សឺណែវ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាន និយាយនៅថ្ងៃសុក្រ (២៧ ឧសភា) ថា ប្រទេសនានាគួរតែចាត់វិធានការរហ័ស ដើម្បីទប់ស្កាត់ ការរីករាលដាលនៃអុតស្វា និងចែករំលែកទិន្នន័យអំពីស្តុកវ៉ាក់សាំងរបស់ពួកគេ។
លោក Sylvie Briand នាយកអង្គការសុខភាពពិភពលោក សម្រាប់ការត្រៀមលក្ខណៈបង្ការជំងឺ ឆ្លងសកលបានប្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា «យើងគិតថា ប្រសិនបើយើងដាក់វិធានការត្រឹមត្រូវឥឡូវនេះ យើងប្រហែលជាអាចទប់ស្កាត់វា(អុតស្វា) បានយ៉ាង ងាយស្រួល»។ ជំងឺអុតស្វាគឺជាជំងឺឆ្លងមេរោគកម្រិតស្រាល ដែលកើតមានជាទូទៅនៅក្នុងផ្នែកខ្លះ នៃអាហ្វ្រិកខាងលិច និងកណ្តាល។
ជំងឺនេះឆ្លងរាលដាលជាចម្បងតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និងរហូតដល់ការផ្ទុះឡើងនាពេល ថ្មីៗនេះ កម្រត្រូវបានគេឃើញនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកណាស់ ដែលជាមូលហេតុ ដែលការលេចឡើងនៃករណីថ្មីៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតនាពេលបច្ចុប្បន្ន បានធ្វើឲ្យមានការព្រមាន។
រហូតមកដល់ពេលនេះមានប្រហែល ៣០០ករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យថា មាននៅក្នុង ប្រហែល ២០ប្រទេស ដែលមេរោគនេះមិនធ្លាប់ឆ្លងរាលដាលពីមុនមក៕