ថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើស អភិបាលក្រុងបាងកក ជាលើកដំបូង ក្នុងរយៈពេលជាង ៩ឆ្នាំមកនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ថា ប្រជាជនទីក្រុងបាងកក នឹងបោះឆ្នោតជ្រើសរើសអភិបាលក្រុងថ្មីរបស់ ពួកគេ នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដែលជាលើកទី១ក្នុងរយៈពេលជាង ៩ឆ្នាំ ចាប់តាំងពីការបោះឆ្នោតអភិបាលក្រុង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣។

បន្ទាប់ពីមានការធ្វើរដ្ឋប្រហារដោយយោធា នៅឆ្នាំ២០១៤ រដ្ឋាភិបាលយោធាដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានផ្អាកការ បោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកក ហើយលោក ប្រាយុទ្ធ បានតែងតាំងអភិបាលក្រុងមួយ រូប គឺ លោក អាស់វីន ក្វាន់មួង (Aswin Kwanmuang)។ នៅចុងសប្តាហ៍នេះ បេក្ខជនចំនួន ៣១រូប នឹងធ្វើការប្រកួតប្រជែង ដើម្បីក្លាយជាថ្នាក់ដឹកនាំរបស់រដ្ឋធានីនៃប្រទេសថៃ សម្រាប់អាណត្តិ ដែល មានរយៈពេល៤ឆ្នាំ ខណៈអ្នកមានសិទ្ធិបោះឆ្នោត មានចំនួន៤.៤លាននាក់។

គួរបញ្ជាក់ថា តាមច្បាប់របស់ប្រទេសថៃ ជាធម្មតាអភិបាលខេត្ត ត្រូវបានតែងតាំងដោយក្រសួង មហាផ្ទៃ ប៉ុន្តែសម្រាប់ទីក្រុងបាងកក គឺជាករណីលើកលែងតែមួយគត់ ដែលទទួលសិទ្ធិបោះឆ្នោត ជ្រើសរើសអភិបាលក្រុង ដោយខ្លួនឯង កាលពីឆ្នាំ១៩៧៥។ បើតាមក្រុមអ្នកសង្កេតការណ៍, លទ្ធ ផលនៃការបោះឆ្នោតអភិបាលក្រុងថ្មីនេះ នឹងអាចចាត់ទុក ការវាស់ស្ទង់មួយនៃប្រជាប្រិយភាពរដ្ឋាភិ បាលកំពុងកាន់អំណាច មុនការបោះឆ្នោតសកល ដែលរំពឹងថានឹងធ្វើឡើងនៅឆ្នាំក្រោយ៕