ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោត រយៈពេល១៤ថ្ងៃ


(ភ្នំពេញ)៖ ស្នងការដ្ឋានរាជធានីភ្នំពេញ បានត្រៀមកម្លាំងចំនួន១,១៣៥នាក់ ដើម្បីការពារក្នុងយុទ្ធ នាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២​។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោក សាន សុខសីហា បានបញ្ជាក់ទៀតថា ទាក់ទងបញ្ហានៃការរៀបចំកម្លាំង ដើម្បីការពារ ទាក់ទងទៅនឹងនៃការ ឃោសនាបោះឆ្នោត, ពេល បោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្រោមការដឹកនាំបញ្ហារបស់លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ រង និងជាស្នងការរាជធានីភ្នំពេញ គឺបានដាក់ចេញនូវផែនការច្បាស់លាស់។

លោក សាន សុខសីហា បានឲ្យដឹងថា ទាក់ទងនឹងការប្រើប្រាស់កម្លាំង ក្នុងការពារ មានការសហ ការគ្នា មានទាំងកម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងមួយចំនួន ដែលពាក់ព័ន្ធ ចូលរួម សហការគ្នា ដើម្បីការពារគ្រប់គោលដៅទាំងអស់ និងទីស្នាក់ការ បោះឆ្នោតទាំងអស់ នៅក្នុងភូមិ សាស្ដ្ររាជធានីភ្នំពេញ។

បន្ថែមពីនោះទៀត លោក សាន សុខសីហា បានគូសបញ្ជាក់ថា ទាក់ទងនឹងការប្រើប្រាស់កម្លាំង ស្នងការដ្ឋានរាជធានីភ្នំពេញ បែងចែកជា៣ដំណាក់កាល៖

ទី១៖ នៅពេលឃោសនាបោះឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រហែលជា ១,១៣៥នាក់ តាមគោលដៅការពារ១០៥សង្កាត់ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២
ទី២៖ ដំណាក់កាលនៃការបោះឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបចំនួនជាង ៤,៦០០នាក់ ក្នុងនោះ មានកម្លាំងប្រជាការពារប្រហែលជាង៦០០នាក់
ទី៣៖ ក្នុងដំណាក់កាលរាប់សន្លឹកឆ្នោត ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងប្រហែល ជាង៤,០០០នាក់៕