(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។
ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការ សម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២កំពុងជួបឧបសគ្គរាំងស្ទះដោយសារតែការជំទាស់ពីតួកគីដែលជាសមាជិកណាតូ ដ្បិត ដើម្បីចូលបក្សសម្ព័ន្ធយោធាមួយទាំងស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ទទួល បានសំឡេងគំាទ្រកង់សុងស៊ីសពីប្រទេសជាសមាជិកណាតូទាំង៣០ ប្រទេស។
តែទោះជាបែបនេះក្ដី ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក ស្រី ម៉ាកដាលេណា អានឌឺសសុន (Magdalena Andersson) និងប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានហៅការសម្រេចចិត្តរបស់ប្រទេសទាំង២ ថាជាចំណុចរបត់មួយនៃសន្តិសុខអឺរ៉ុប ដែលនឹងកាន់ តែជួយពង្រឹងសន្តិសុខក្នុងតំបន់អឺរ៉ុបទាំងមូល។
លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ការបន្ថែមសមាជិកថ្មីក្នុងណាតូ មិនមែនជាការគំរាមកំហែង ដល់ប្រទេសណាមួយទេ ដ្បិតគោលដៅចម្បងរបស់ ណាតូគឺការពារប្រឆាំងនឹងការឈ្លានពាន តែប៉ុណ្ណោះ»៕