(ភ្នំពេញ)៖ នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹង ជើងឯង ស្ថិតនៅក្នុង ភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាអតីតកន្លែង មួយបញ្ចុះសពពលរដ្ឋដែលស្លាប់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។
កម្មវិធីប្រារព្ធទិវាចងចាំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ។
ទិវាជាតិនៃការចងចាំ ២០ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវាជាតិនៃការចងចាំ២០ឧសភាត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែល បានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករ របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕