(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ បានគូសបញ្ជាក់ថា ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត គឺជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំបម្រុងទុកយុវជន ដើម្បីចូលរួម ប្រយុទ្ធជាមួយកូវីដ មិនមែនជាការគិតប្រថុយប្រថាននោះទេ អាចមានអ្នកខ្លះ គិតថា ការបង្កើតឡើង គ្រាន់តែអស់លុយ […] មកដល់ពេលនេះ បើសិនជាពិនិត្យលើក្រុមពេទ្យស្ម័គ្រចិត្ដ ចូលរួមប្រយុទ្ធជា មួយកូវីដ គឺអាចចាត់ទុកថា ជាការត្រៀមរៀបចំ មួយត្រឹមត្រូវ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ TYDA និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្ត ចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបាន អនុញ្ញាតឲ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មិនមែនជារឿងងាយនោះទេ ក្នុងការប្រមូលមនុស្ស មកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល។ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺ កូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនជារឿងចៃដន្យ នោះឡើយ។ គេអាចយល់បានពីរបៀបចាត់ចែង គ្រប់គ្រង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយ ប្រើយុទ្ធសាស្ត្រច្រើនរបៀប។
សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ត្រូវបាន បង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាល ប្រជាពលរដ្ឋក្រីក្រនានា ទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។
ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយ ក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុង ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ៕