រដ្ឋបាលខេត្តពោធិ៍សាត់ ទុកពេល៧ថ្ងៃឱ្យពលរដ្ឋរុះរើខ្ទមអនាធិបតេយ្យ ចេញពីដែនជម្រកសត្វ ព្រៃភ្នំសំកុសឱ្យអស់


 (ពោធិ៍សាត់)៖ ដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស រដ្ឋបាលខេត្ត ពោធិ៍សាត់ បានចេញសេចក្តីជូន ដំណឹងដល់ប្រជាពលរដ្ឋ ទាំង១០០គ្រួសារ ដែលបានសាងសង់រោង ខ្ទមដោយខុសច្បាប់ និងកាប់ រុករានទន្ទ្រានដីព្រៃ ក្នុងដែនជម្រក សត្វព្រៃ ភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ត្រូវរុះរើខ្ទមរបស់ ខ្លួនចេញឱ្យអស់ក្នុងរយៈពេល៧ថ្ងៃ មុនអាជ្ញាធរចាត់វិធានការតាមច្បាប់។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ ដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សកម្មភាពដែលប្រជាពលរដ្ឋ កំពុងតែសាងសង់រោង ខ្ទម កាប់ គាស់ រុករានទន្ទ្រានដីព្រៃ ដាំដុះ នៅលើទីតាំងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារ ធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាអំពើខុសច្បាប់។

ដូចនេះដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបាន គង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជា ពលរដ្ឋ ដែលកំពុងសាងសង់ រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោងខ្ទម ដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។

រដ្ឋបាលខេត្ត ទុករយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង ខ្ទម ដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រាន ដីព្រៃ។ ក្នុងករណីប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីប្រើប្រាស់ តាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តសាមី។ ផុតកំណត់រយៈពេលជូនដំណឹង ខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើរោង ខ្ទម ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ ក្នុងករណីប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់៖