(វ៉ាស៊ីនតោន, អាមេរិក)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឆ្លៀតជួបជាមួយសមាជិក សភារបស់អាមេរិក ដើម្បីស្វះស្វែងរកឱកាសពង្រីកការវិនិយោគ និងលើកកម្ពស់សកម្មភាពពាណិជ្ជ កម្មរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, មន្ត្រីជាន់ ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់កម្ពុជា ដែលបានអញ្ជើញអមដំណើរសម្តេចតេជោ បានប្រឹងប្រែង និង ព្យាយាមក្នុងការស្វែងរកឱកាសពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក។ បើទោះបីពេលវេលាខ្លីយ៉ាងណា តែសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ច ដែលបានអមសម្តេច បានបែងចែកគ្នា ក្នុងការជួបជាមួយ មន្ត្រី និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក។
សម្រាប់ជំនួបជាមួយសមាជិកសភាអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ប៉ាន សូរស័ក្តិ បានពួតដៃគ្នាជម្រាប លោក Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកស្រី Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia ពាក់ព័ន្ធឱកាសក្នុងការវិនិយោគនៅកម្ពុជាលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនសមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើន របស់ កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និង ភស្ដុភារកម្ម។ ដោយឡែក ឯកឧត្តម ប៉ាន សូរស័កិ្ដ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាស វិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យ កាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេ មួយនៅតំបន់អាស៊ី។
ទន្ទឹមនឹងនោះ លោក Ron Estes បានលើកឡើងពាក់ព័ន្ធបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស។ រីឯលោកស្រី Carol Miller បានផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន ដែល គោលបំណងសំខាន់នៃការលើកឡើងនេះ សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូស ហប្រតិ បត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការផ្លាស់ប្ដូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែម ទៀត។
នៅក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញសមាជិកសភាអាមេរិកទាំង ពីររូប មកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែសីហា ឆ្នាំ២០២២។ ជាការឆ្លើយតបសមាជិកសភាអាមេរិកទាំងពីររូប បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់លោក ក្នុងការ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តជជែកពិភាក្សាបន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការ ក្នុង ការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញវិនិយោគិនអាមេរិកមកបណ្ដាក់ ទុននៅកម្ពុជាបន្ថែមទៀត និងអាចមើលឃើញអំពីស្ថានភាពរីកចម្រើនរបស់កម្ពុជាដោយផ្ទាល់ ផងដែរ៕