(ភ្នំពេញ)៖ ឯកឧត្តមគង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់ក្រុមបេសកជននៃមូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF Article IV Mission) ថា នៅឆ្នាំ២០២២នេះ ចំណូលពន្ធដារនឹងសម្រេចបាន លើសផែនការកំណត់ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ ខណៈរយៈពេល៤ខែឆ្នាំដើមឆ្នាំ ប្រមូល ចំណូលបាន ប្រមាណជា ១ ៥០១.៥៦ លានដុល្លារ) គឺសម្រេចបាន ៥៣.២៧% នៃផែនការច្បាប់ ថវិកា។ ការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល ធ្វើឡើងក្នុងឱកាសបានទទួលជួបពិភាក្សាការ ងារជាមួយក្រុមបេសកជននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF Article IV Mission) ដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម ទទួលបន្ទុកប្រទេសកម្ពុជា, លោក Yasuhisa Ojima អ្នកតំណាង IMF ប្រចាំនៅប្រទេសកម្ពុជា និងសេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមបេសកកម្ម IMF។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រចបាន ១១ ២៦៦.៧៩ប៊ីលានរៀល (ប្រមាណជា ២ ៧៨១.៩២លានដុល្លារ) គឺសម្រេចបាន ១២៤.០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ឯកឧត្តមបញ្ជាក់ទៀតថា «គិតត្រឹមរយៈពេល ០៤ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារសម្រេច
បាន ៦ ០៨២.៥៣ ប៊ីលានរៀល (ប្រមាណជា ១ ៥០១.៥៦ លានដុល្លារ) គឺសម្រេចបាន ៥៣.២៧%
នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយសម្រាប់រយៈពេល ១២ខែ
ឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដាររំពឹងថា អាចនឹងសម្រេចបានគ្រប់
និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសម្រាប់ឆ្នាំ
២០២២»។
ឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ផងដែរ ពីការដាក់ចេញឱ្យអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងតាមអនឡាញ រួមមាន ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង ToI E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System) ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឲ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាមអនឡាញ បានយ៉ាងរលូន ចំណេញពេលវេលា មានតម្លាភាពខ្ពស់ ព្រមទាំងពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ មានយន្តការ Cross Check ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព តាមរយៈ ការដាក់ឲ្យអនុវត្តនូវប្រពន្ធ E-VAT ដែលបច្ចុប្បន្នជាប្រព័ន្ធប្រកាសពន្ធ តាមប្រព័ន្ធអនឡាញ E-Filing ហើយបាននិងកំពុងពង្រឹងការធ្វើ Cross Check ដែលជួយជំរុញ និងអនុវត្តកាន់តែមាន ប្រសិទ្ធិភាពបន្ថែមទៀត នូវការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់រយៈពេល ០២ ឆ្នាំចុងក្រោយ នេះ ស្របតាមខ្លឹមសារនៃប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីយន្តការបង្វិលសងអាករលើតម្លៃបន្ថែម។
អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែ ទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលា គេហទំព័រ ទំព័រ ទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយ អ្នកជាប់ពន្ធផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម។
សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក អគ្គនាយកដ្ឋានបាន និងកំពុងអនុវត្តនូវ វិធានការពន្ធដារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ក៏ប៉ុន្តែច្រកអ៊ីនធឹណិតជាតិ National Internet Gateway នៅតែជាគន្លឹះនៃប្រសិទ្ធភាព សម្រាប់ពង្រឹងការអនុវត្ត និងការគ្រប់គ្រងប្រមូលចំណូល សម្រាប់វិស័យនេះ។
ឯកឧត្តម គង់ វិបុល បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានសម្រេចឲ្យពន្យារកាលបរិច្ឆេទ កំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំ ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។ អគ្គនាយកដ្ឋានពន្ធដារ យល់ឃើញថា ការដាក់ឲ្យអនុវត្តនូវប្រភេទពន្ធនេះចាប់ពីឆ្នាំ២០២៤ នឹងជាប្រភពចំណូលមួយ៏សំខាន់បន្ថែមទៀត សម្រាប់ថវិកាជាតិ។
អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀប ចំសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅធ្វើឲ្យច្បាប់ ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក៏ដូចជាប្រមូលផ្តុំ នូវច្បាប់ស្តីពីសារពើពន្ធដែលកន្លងមកមានលក្ខណៈ ដាច់ដោយឡែកៗពីគ្នា ហើយសេចក្តីព្រាងថ្មីនេះ គឺដើម្បីឲ្យមានសង្គតិភាព ជាមួយនឹងច្បាប់ស្តីពី វិនិយោគថ្មី៕