ប្រេសិតពិសេសអាស៊ាន បង្ហាញការប្តេជ្ញាចិត្តចំពោះមុខអាមេរិក ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំ ជាមួយគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ កម្ពុជា បានប្រាប់ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី កការបរទេសអាមេរិក នៅក្រសួងការ បរទេសអាមេរិក អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី និង លោក អតីតប្រធានាធិបតី វីន មីន។

ការអះអាងនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងមន្ត្រីការបរទេសជាន់ខ្ពស់ទាំងពីរ នៅក្រសួងការបរទេសអាមេរិក រដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅក្នុងជំនួបនោះ លោកស្រីអនុរដ្ឋមន្ត្រី កការបរ ទេសអាមេរិក បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធាន អាស៊ាន របស់ កម្ពុជាក្នុងឆ្នាំនេះនិងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើ បញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាកិច្ចឆ្លើយតបជាវិញការលើកឡើងនូវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិត ពិសេសស្តីពី បញ្ហា មីយ៉ាន់ម៉ា ហើយ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគី ពាក់ ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី និង លោក អតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញ វឌ្ឍនភាពនៃ អាទិភាពក្នុង ការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម បានអះអាងថា កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរ មួយ ជំហានម្តងៗ និងការ ផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការ កសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ។

សូមបញ្ជាក់ថា តាមរយៈសន្និសិទសារព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលជា ប្រេសិតពិសេសប្រធានអាស៊ាន បានឲ្យដឹងថា លោកនឹងទៅបំពេញបេសកកម្មជាលើកទី២ នៅ ប្រទេសមីយ៉ាន់ម៉ា នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវក្ដីសង្ឃឹមថា ការបំពេញតួនាទីរបស់ ប្រេ សិតពិសេស ការបំពេញតួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន នឹងជួយសម្រួលលើការងារ ជាមួយក្នុងការដោះស្រាយវិបត្តិពហុវិស័យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រេសិតពិសេសប្រធានអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញ របស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឲ្យមានការសម្របសម្រួលមួយចំនួន៕