សហរដ្ឋអាមេរិកអរគុណកម្ពុជា ចំពោះការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីអ៊ុយក្រែន


 (ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញការកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជ រដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពគាំទ្រដល់សេចក្តីសម្រេចរបស់ មហាសន្និបាតអង្គការសហប្រជា ជាតិស្តីពីអ៊ុយក្រែន កន្លងមក។

ការបញ្ជាក់របស់សហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី កការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលទទួលបាននៅថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា លោកស្រីអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់ សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាព ឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហ ប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀស វាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា បានរៀបចំមហាសន្និបាតជាបន្ទាន់មួយដើម្បីរៀប ចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយ ក្រែន។ ក្នុងចំណោមប្រទេសសមាជិកទាំងអស់ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តី សម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវេទ។

កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះ ហើយក៏បានចូល រួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការ សហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិនៅកម្ពុជា បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និង អំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែ ប្រកាន់យកនូវវិធីសាស្រ្ត ប្រកប ដោយសង្គតិភាព ក្នុងការ ការពារសន្តិភាព និង គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃ បញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។

ទាក់ទងជាមួយនឹងជំហររុស្ស៊ី-អ៊ុយក្រែននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា កម្ពុជាមានគោលការណ៍ចំនួន២ គឺមិនលើកទឹកចិត្ត​ឲ្យបំបែករដ្ឋ និងប្រឆាំងនូវការប្រើប្រាស់កម្លាំងឈ្លានពាននោះទេ៕