(វ៉ាស៊ីនតោន, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រុមហ៊ុនប្រឹក្សា និងបញ្ចុះបញ្ចូលរបស់អាមេរិក ពន្យល់ដល់ស្ថាប័នដឹកនាំរបស់អាមេរិកកុំឱ្យមានការភ័ន្តច្រឡំ លើនយោបាយការបរទេសរបស់កម្ពុជា ដែលនាំឱ្យមានភាពរកាំរកូសលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់ អាមេរិក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកនេះ គឺជាក្រុមហ៊ុនដែលកម្ពុជា បានប្រើសេវា កម្មក្នុងការជួយសម្របសម្រួលធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោកបាន ធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។
បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នៅស្ថាប័ន សភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួល អាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។
បើតាមលោក ស្កុត តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអប អរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។
នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អ ប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជា ការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជ កម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។
សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ច ការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ ដូចជាកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមាន យោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយ ប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោ បាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលជំហរនយោបាយការបរទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុង ឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ ក៏បាន បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។
សម្តេចតេជោ បានលើកឡើងដែរថា សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជា ជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។ សម្តេចតេជោ បានលើកឡើងថា អាមេរិកគួរចូលរួមត្រេកអរនូវ សមិទ្ធផលដែលអាមេរិកបានជួយដល់កម្ពុជាទាំងនេះ៕