(បាងកក)៖ ធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ចលនាប្រាក់បាតបាន បង្កផលប៉ះពាល់នៅមានកម្រិតនៅឡើយទៅលើអតិផរណា និងសេដ្ឋកិច្ចរបស់ថៃ បន្ទាប់ពីរូបិយ ប័ណ្ណនេះបានធ្លាក់ចុះថ្លៃដល់អត្រាទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Alisara Mahasandana ជំនួយការទេសាភិបាលធនាគារកណ្តាលថៃ ខណៈថ្លែងទៅកាន់សន្និសីតាមអ៊ីន ធឺណិតថា៖ «ធនាគារកណ្តាលថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ និងត្រៀមខ្លួនរួចជា ស្រេចក្នុងធ្វើអន្តរគមន៍ប្រាក់បាតប្រសិនបើចាំបាច់»។
លោកស្រីបន្ថែមថាវាមិនចាំបាច់នោះទេក្នុងការប្រើប្រាស់អត្រាការប្រាក់ដើម្បីគ្រប់គ្រងប្រាក់បាតនោះ ព្រោះរូបិយប័ណ្ណនេះកំពុងឡើងចុះថ្លៃស្របតាមរូបិយប័ណ្ណក្នុងតំបន់ ហើយមិនមានផលប៉ះ ពាល់ខ្លាំងដល់អតិផរណា ឬសេដ្ឋកិច្ចឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រធនាគារកណ្តាលថៃនឹងបន្ធូរបន្ថយវិធាននានាសម្រាប់សេវាប្តូរប្រាក់បរទេសសម្រាប់ក្រុមហ៊ុនមិនមែនធនាគារ ដែលជួយក្រុមហ៊ុនសហគ្រាការពារ និងគ្រប់គ្រង ហានិភ័យកាន់តែមានប្រសិទ្ធភាព។
លោកស្រី Alisara ថ្លែងថា វិធានការទាំងនេះនឹងចូលជាធរមាននៅថ្ងៃសុក្រ ហើយនឹង «ធ្វើឱ្យប្រតិ បត្តិការក្រៅប្រទេសកាន់តែងាយស្រួល ខណៈពេលដែលសម្រួលដល់ការការពារហានិភ័យសម្រាប់ អាជីវកម្ម ដូច្នេះវាអាចមានការគ្រប់គ្រងហានិភ័យកាន់តែមានប្រសិទ្ធភាព»។ លោកស្រីបានបន្តថា វិធានការជាច្រើនទៀតនឹងចូលជាធរមានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកស្រីមានប្រសាសន៍ទៀតថា៖«យើងនឹងផ្តោតលើក្រុមហ៊ុនមិនមែនធនាគារតាមរយៈការពង្រីកវិសាលភាពសេវាកម្មប្តូររូបិយប័ណ្ណបរទេស (FX) និងការកែសម្រួលគោលការណ៍ណែនាំសម្រាប់ ប្រតិបត្តិការ FX ដែលអាចបត់បែនបាន»៕