រដ្ឋមន្ដ្រី ស៊ុយ សែម សម្ពោធដាក់ឲ្យដំណើរការខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ


 (កោះកុង)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញសម្ពោធដាក់ឲ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែក ចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ ក្នុងក្របខណ្ឌឥណទានសម្បទានពីសាធារណ រដ្ឋបារាំង និងជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ហ្សាក់ ប៉ឺឡេ ឯករាជទូតបារាំងប្រចាំកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ក្នុងក្របខណ្ឌ នៃគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹងគ្រប់វិស័យ ទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទាំងគម្រោងបង្កើតរោងចក្រផលិត សម្ភារៈបរិក្ខារនានាក្នុងស្រុក ក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ ថាមពលអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូន អគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការបន្ថែមជាបន្តបន្ទាប់ដើម្បីផ្ដល់ប្រភពអគ្គិសនី ឲ្យ បានគ្រប់គ្រាន់ទាន់តាមកំណើនសេដ្ឋកិច្ច និងឲ្យទាន់តាមកំណើន នៃតម្រូវការប្រើប្រាស់ និងជំរុញ ការសាងសង់ខ្សែបណ្ដាញបញ្ជូនរងនិងខ្សែបណ្ដាញចែកចាយអគ្គិសនីតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ ដើម្បីធ្វើការបញ្ជូនចែកចាយប្រភពអគ្គិសនី ដែលបានអភិវឌ្ឍផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់អគ្គិសនី នៅទូទាំងប្រទេសកម្ពុជាឲ្យបានគ្រប់គ្រាន់។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនីខាងលើ គឺដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យប្រែក្លាយទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ចីរភាពអាចទុកចិត្តបានមាន គុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដែលជាកត្តាចម្បង និងចាំបាច់បំផុត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងការ ផ្ដល់នូវសុខមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា រៀប ចំផែនការអភិវឌ្ឍវិស័យថាមពល និងកៀងគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីធានាបានដល់ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ តាមតម្រូវការនិងប្រកបដោយគុណភាពស្ថេរភាពនិរន្តភាពថ្លៃសមរម្យនិងកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ដល់បរិស្ថាន និងសង្គម។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋបារាំង ដែលតំណាងក្នុងថ្ងៃនេះដោយលោក ហ្សាក់ ប៉ឺឡ ឯករាជទូតនៃ សាធារណរដ្ឋបារាំង ដែលបានផ្ដល់ហិរញ្ញប្បទាន សម្បទាន៧០លានអឺរ៉ូ និងសហភាពអឺរ៉ុប ដែល បានផ្ដល់នូវជំនួយឥតសំណង១លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់ការ អភិវឌ្ឍគម្រោងក្នុងវិស័យថាមពលអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា លោកមានមោទនភាពចំពោះការចូលរួមរបស់ប្រទេសបារាំង (AFD) ក្នុងវិស័យថាមពល ដែលជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺគម្រោងបញ្ជូន និងការចែកចាយថាមពលអគ្គិសនីដែលយើងកំពុង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវថាមពល ដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣។

លោកបន្ដទៀតថា គម្រោងនេះបង្ហាញពីទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែង ដែលក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា បានសាងសង់ AFD ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដើម្បី ជួយគាំទ្រដោយយុទ្ធសាស្ត្រអគ្គិសនីរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍ និងការពង្រឹងបណ្ដាញធាតុ ដើម្បីលើកកម្ពស់សមត្ថភាពទទួលបានអគ្គិសនីជាផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាទាំងអស់។ លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋបារាំង ដែលបាន សហការប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ៕