(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកសរុប ១១៥នាក់លើ ៤ប្រភេទកីឡារួមមានក្រុមបាល់ទាត់បុរស (U23) និងនារី, ក្រុមកីឡាប្រដាល់គុនខ្មែរ, ក្រុមកីឡាប្រដាល់ឃីកបុកស៊ីង និងក្រុមកីឡាទូកកានូ/ រ៉ូអ៊ីងកម្ពុជា នឹងត្រូវចេញដំណើរទៅទីក្រុងហាណូយនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលត្រូវបានលើកពេលមកពីចុងឆ្នាំ២០២១។ប្រតិភូ និងអត្តពលិកទាំង ៤ប្រភេទកីឡា ក្នុងចំណោម ៣៣ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនទៅចូលរួម ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងខាងលើ នឹងធ្វើដំណើរតាមយន្ដហោះពិសេស «Charter Flight» របស់ក្រុមហ៊ុន Cambodia Airway ក្រោមការសម្របសម្រួលរៀបចំដោយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បន្ទាប់ពីមានការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នឹងធ្វើការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ដោយ ម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទដាក់ក្នុងកម្មវិធីប្រកួត ខណៈកម្ពុជានឹងបញ្ជូនប្រតិភូ និងអត្តពលិក ៥៦០នាក់ លើកីឡា ៣៣ប្រភេទទៅចូលរួម។ ប៉ុន្ដែមានប្រតិភូកីឡាមួយចំនួន ត្រូវធ្វើដំណើរទៅមុន ដ្បិតត្រូវធ្វើការប្រកួតមុនពិធីបើក ពិសេសវិញ្ញាសាបាល់ទាត់ ដែលនឹងត្រូវធ្វើការ ប្រកួតពីថ្ងៃទី០៦ ខែឧសភាតទៅ៕