អាល្លឺម៉ង់ និងឥណ្ឌា សន្យាសហការលើបញ្ហាអាកាសធាតុ តែបន្តខ្វែងគំនិតគ្នាជុំវិញសង្រ្គាមអ៊ុយក្រែន


(ប៊ែរឡាំង)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានសន្យាផ្តល់ទឹក ប្រាក់ចំនួន ១០.៥១ពាន់លានដុល្លារ ដើម្បីជួយ ប្រទេសឥណ្ឌាសម្រេចបាននូវ គោលដៅអាកាសធាតុរបស់ខ្លួន បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ប៉ុន្តែមេដឹកនាំទាំង២ នៅតែបន្តខ្វែងគំនិតគ្នាជុំវិញសង្រ្គាម នៅអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ, លោក Scholz បានលើកឡើងពីគោល បំណងរួមរបស់ប្រទេសជាច្រើន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសប្រជាធិបតេយ្យ។ តែទោះជាយ៉ាងណា ក៏ដោយ ការ អត្ថាធិប្បាយរបស់លោកអំពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅតែផ្ទុយស្រឡះជាមួយនឹង លោក ម៉ូឌី ដែលបានអំពាវនាវឱ្យមាន បទឈប់បាញ់ ប៉ុន្តែនៅតែជំទាស់ទៅនឹងការអំពាវនាវរបស់ ក្រុមប្រទេសលោកខាងលិច ដើម្បីថ្កោលទោសលើសកម្មភាពរបស់វិមានក្រឹមឡាំង ដែលពួកគេ ពិពណ៌នាថាជា «ប្រតិបត្តិការយោធាពិសេស»

មួយសប្តាហ៍បន្ទាប់ពីការអនុម័តជាលើកដំបូងក្នុងការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដើម្បី គាំទ្រការប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី, លោក Scholz បានអំពាវនាវម្តងហើយម្ដងទៀត ឱ្យប្រធានាធិប តីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ឱ្យដកកងទ័ពចេញពីអ៊ុយក្រែន។ ដោយឡែក លោក ម៉ូឌីបាននិយាយក្នុងកំលុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបថាគ្មានអ្នកឈ្នះនៅក្នុងសង្រ្គាមនោះទេ ហើយសន្តិភាពគឺរឿងសំខាន់ បំផុត៕