(តូក្យូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការពារជាតិជប៉ុននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមនាវារបស់កង ទ័ពជើងទឹកចិន រួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង បានធ្វើដំណើរឆ្លងកាត់ដែនទឹក កៀកនឹងកោះ អូគីណាវ៉ា (Okinawa) ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន ក្រុមនាវាយោធាចិននោះ ដែលរួមមាន វត្តមាននាវាចម្បាំងពិឃាត (destroyer) ប៉ុន្មានគ្រឿងផងដែរ បានចល័តឆ្លងកាត់កោះធំអូគីណាវ៉ា ហើយនិងកោះមីយ៉ាកូជីម៉ា (Miyakojima)។ យ៉ាងណាក្តី ទីក្រុងតូក្យូបានអះអាងថា ពុំមានការ ទន្រ្ទានចូលដែនទឹករបស់ប្រទេសជប៉ុនឡើយ កំលុងការធ្វើដំណើររបស់ក្រុមនាវាយោធាចិននោះ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ករណីនេះគឺជាលើកទីមួយហើយ ដែលនាវា ផ្ទុកយន្តហោះចម្បាំងចិន ត្រូវអះអាងថា បានធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក៕