(បាងកក)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថាតម្លៃអង្ករនាំចេញពីប្រទេសថៃបាន កើនឡើងក្នុងសប្តាហ៍នេះ ដោយសារកំណើនតម្រូវ ការពីទីផ្សារនៅតំបន់មជ្ឈិមបូព៌ា ខណៈតម្លៃ អង្កររបស់ឥណ្ឌា និងវៀតណាមមិនមានការប្រែប្រួល។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃអង្ករប្រភេទបាក់ ៥ភាគរយរបស់ប្រទេសថៃ ត្រូវបានស្រង់ តម្លៃពី ៤៣២ ទៅ ៤៣៥ដុល្លារក្នុងមួយតោន ដែលកើនឡើងពី ៤១០ដុល្លារកាលពីសប្តាហ៍មុន ។
ឈ្មញអង្ករម្នាក់នៅទីក្រុងបាងកកបានឱ្យដឹងថា៖ «មានកំណើនតម្រូវពីទីផ្សារនានាដូចជាប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ហើយដោយសារតែទំនាក់ទំនងកាន់តែប្រសើរជាមួយប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ពាណិជ្ជករនានាថា ប្រាក់បាត ដែលធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកក៏បានរួមចំណែកដល់ការកើនឡើងតម្លៃអង្ករក្នុងសប្តាហ៍នេះផងដែរ។
អង្ករស្ងោប្រភេទបាក់៥ភាគរយរបស់ប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេក្នុងពិភពលោក ត្រូវបានស្រង់តម្លៃពី ៣៦១ ទៅ ៣៦៥ដុល្លារក្នុងមួយតោន ដែលមិនផ្លាស់ប្តូរធៀបនឹងតម្លៃ នៅសប្តាហ៍មុន។
ក្រុមហ៊ុននាំចេញដែលមានមូលដ្ឋាននៅទីក្រុង Kakinada នៅរដ្ឋ Andhra Pradesh ភាគខាង ត្បូងប្រទេសឥណ្ឌាបានឱ្យដឹងថា៖ «ការផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពល្អ ដោយសាររដ្ឋាភិបាលកំពុង ចែកចាយអង្ករជាច្រើនដល់ប្រជាជនក្រីក្រដោយមិនគិតថ្លៃ ឬក្នុងតម្លៃធម្មតា»។
អង្ករប្រភេទបាក់ ៥ភាគរយរបស់វៀតណាម ត្រូវបានលក់ក្នុងតម្លៃ ៤១៥ដុល្លារក្នុងមួយតោនកាល ពីថ្ងៃ ព្រហស្បតិ៍ ដែលមិនប្រែប្រួលធៀបនឹងតម្លៃនៅសប្តាហ៍មុន។
តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បើទោះជាយ៉ាងនេះក្តី ពាណិជ្ជកម្មម្នាក់នៅទីក្រុង ហូជីមិញ បានថ្លែងថា តម្លៃអាចកើនឡើងក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ខាងមុខដោយសារការផ្គត់ ផ្គង់មានកម្រិតទាបដោយសារការប្រមូលផលនៅនិទាឃរដូវជិតអស់ហើយ។ ពាណិជ្ជកររូបនេះបានថ្លែងថា៖ «ពាណិជ្ជករស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចសន្យានាំចេញថ្មី ដោយរង់ចាំតម្លៃឡើងខ្ពស់សិន»៕