រដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ស្វាយរៀងជាខេត្តទី១ ត្រូវបានប្រកាសទទួលស្គាល់ ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល


 (ស្វាយរៀង)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ស្វាយរៀងជាខេត្តទី១ ក្នុងចំណោម ២៥ រាជធានីខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) លើកដំបូង ពោលគឺមានបង្គន់អនាម័យប្រើប្រាស់គ្រប់ ខ្នងផ្ទះ នៅឆ្នាំ២០២២នេះ។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តស្វាយរៀងជាខេត្ត  «បាន បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» នៅវិមានឯករាជ្យខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានបន្តថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដ ជាតិ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ដើម្បីសម្រេចឲ្យបាន គោលដៅ អភិវឌ្ឍន៍ ជាតិប្រកបដោយចីរភាពគឺ «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ មាន លទ្ធភាពទទួលសេវាផ្តត់ផ្គង់ទឹកស្អាត និងការរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយ និរន្តរភាព»។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បាននិង កំពុងបន្តអនុវត្តនូវផែនការ យុទ្ធសាស្រ្ដជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ និងផែនការសកម្មភាពជាតិជំហានទី២ ស្ដីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យជនបទឆ្នាំ ២០១៩-២០២៣ ស្របតាមយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តទៀតថា យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ច កម្ពុជា ឆ្នាំ២០១៩-២០២០ បានឲ្យដឹងថា ឆ្នាំ២០២២ អត្រាប្រជាជនមានប្រភពទឹក កែលម្អប្រើ ប្រាស់មាន៨០% ចំណែកឯអត្រាប្រជាជនមានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០% និង គ្រួសារប្រមាណ ៨៩% ប្រើប្រាស់ឧបករណ៍ផ្សេងៗ សម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកខេត្តគោលដៅចំនួន៥ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្ត កែប ខេត្តព្រៃវែង និងខេត្តកណ្ដាល ឲ្យក្លាយជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២៣។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានផ្ដល់អនុសាសន៍ឲ្យអភិបាលរងរាជធានី ខេត្ត ក្រុមការងារពាក់ ព័ន្ធអង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញបន្តកៀរគរគ្រប់ ធនធានចូលរួមគាំទ្រវិស័យផ្គត់ ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឲ្យបានតាមផែនការ យុទ្ធសាស្រ្ដជាតិដែលបានកំណត់ថា នៅឆ្នាំ២០២៥ សម្រេចឲ្យបាន ៩០% និងនៅឆ្នាំ២០៣០ សម្រេចឲ្យបាន ១០០% ។

ឯកឧត្តម រដ្ឋមន្រ្ដី បណ្ឌិតសភាចារ្យ បានលើកឡើងថា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានលើកលែង កាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្ត ខ្យល់ចេញ ចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កា ត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំ សហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។

បន្ទាប់ពីរបាយការណ៍របស់ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារផ្គត់ ផ្គង់ទឹក និងអនាម័យជនបទខេត្តស្វាយរៀងស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទរួច មក ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងសាទរ ចំពោះសមិទ្ធ ផលដែលសម្រេចបាន ជាពិសេសវឌ្ឍនភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្រោមកិច្ច សហប្រតិបត្តិការ ជាមួយក្រុមការងាររបស់ក្រសួង និងអង្គការដៃគូ និងវិស័យឯកជនផ្សេងៗទៀត។

រហូតមកដល់ពេលនេះ នៅទូទាំងខេត្តស្វាយរៀងមាន ៦៩០ភូមិ , ឃុំ/សង្កាត់ចំនួន ៨០ និងក្រុង/ ស្រុកចំនួន ៨ សម្រេចបានអត្រាអនាម័យ ១០០% រីឯអត្រាប្រជាជនមានប្រភពទឹកកែលម្អប្រើ ប្រាស់មាន៩៩.៤% ទឹកសុវត្ថិភាពប្រើប្រាស់មានចំនួន ៨៨.៦% និងគ្រួសារដែលមានឧបករណ៍ ប្រើប្រាស់ សម្រាប់លាងសម្អាតដៃក្នុងបរិវេណផ្ទះមាន ១០០%៕