(ស្ទឹងត្រែង)៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើល ព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅជាប់ជាមួយនឹងប្រទេសឡាវ។
ការចុះពិនិត្យព្រំដែននេះ ក៏មានការចូលរួមដោយ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ ព្រំដែន, នាយឧត្តមសេនីយ៍ ខ្វាន់ សៀម អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងដែរ។
លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ច ការព្រំដែន បានបញ្ជាក់ប្រាប់នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ា គឹមហុង បានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះសកម្មភាពកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ ទោះបីជាកម្ពុជាស្ថិតក្នុង បរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការស្ថាបនារហូតមកដល់ថ្ងៃនេះ ទទួលបានលទ្ធផល យ៉ាងច្រើនគួរជាទីមោទន:។
ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ ជាមរតកប្រវត្តិសាស្រ្ត មាន តម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បី កសាងព្រំដែនកម្ពុជាទៅជាព្រំដែនសន្តិភាព អភិវឌ្ឍ និងសុខដុមរមនាជាមួយប្រទេសជិតខាង៕