(ប៉េកាំង)៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២អោយដឹងថា យោធាចិន នៅថ្ងៃពុធនេះបានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការធ្វើដំណើររបស់នាវាចម្បាំងអាមេរិកមួយគ្រឿងឆ្លងកាត់តំបន់ច្រក សមុទ្រតៃវ៉ាន់ ដោយ លើកឡើងថាសកកម្មភាពបែបនេះ គឺមានចេតនាធ្វើឱ្យបំផ្លាញសន្តិភាព និងស្ថិរភាព។
បើតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក, នាវាពិឃាត USS Sampson បានបើកឆ្លងកាត់តាមច្រក សមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ស្របតាមច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិកធ្វើនាវាចរណ៍បែបនេះប្រហែលមួយខែម្តង ដោយធ្វើឱ្យចិនខឹងសម្បារ ដ្បិតចាត់ទុក សកម្មភាពនេះជាសញ្ញានៃការគាំទ្រដល់កោះតៃវ៉ាន់ដែលប៉េកាំងចាត់ទុកថាត្រឹមជាខេត្តមួយរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យកងនាវាទី៧ របស់អាមេរិក លោក នីកូឡាស់ លីនហ្គោ (Nicholas Lingo) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «យោធាសហរដ្ឋអាមេរិកហោះ ហើរ, បើកបរនាវា និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយការដឹកជញ្ជូន តាមនាវាឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់នាពេលនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ»។
ចំណែកឯ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថានាវារបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅភាគ ខាងជើងឆ្លងកាត់ច្រកសមុទ្រ ហើយការធ្វើនាវាចរ នៅតាមផ្លូវទឹកគឺជារឿងជាធម្មតា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយ តៃវ៉ាន់ទេ ប៉ុន្តែគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត ដែលធ្វើឱ្យវាក្លាយជាប្រភពនៃភាពតានតឹង រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន៕